លទ្ធផលជំនួបរវាងប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Anatoly Borovik និងសហការី និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និង ការការពារសិទ្ធិមនុស្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម ៩ និងការស្វាគមន៍វត្តមានរបស់ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ជាដើម ។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបាន ចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តម និងសហការីបានចូលជួបពិភាក្សាការងារ និងបានកោតសរសើរ ប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និង OHCHR នៅកម្ពុជា ព្រមទាំងមានវត្តមានអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់។ កត្តាទាំងនេះ គឺជាសក្ខីកម្មដែលបានឆ្លុះបញ្ចាំងពីការបើកចំហរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធិមនុស្ស។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីគម្រោងទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Tatiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សរបស់សហព័ន្ធរុស្ស៊ី មកប្រទេសកម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកម្ពុជា លើវិស័យសិទ្ធិមនុស្សនឹងកាន់តែប្រសើរឡើង ដោយឈរលើ គោលការណ៍ ឯករាជ្យភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
បន្ថែមពីនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកឡើងពីការយកចិត្តទុកដាក់លើការលើកកម្ពស់ និងការការពារ សិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី ជាពិសេស ចំពោះសិទ្ធិកុមារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមអគ្គរដ្ឋទូត លើ គោលការណ៍ដែលបានលើកឡើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកម្ពុជា លើវិស័យសិទ្ធិមនុស្ស និងការលើកកម្ពស់និងការការពារសិទ្ធិកុមាររបស់សហព័ន្ធរុស្ស៊ី ៕
ដោយ / គ្រី សម្បត្តិ