រដ្ឋលេខាធិការ៖កង្វះសាលាបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈទេសចរណ៍ នៅតែជាបញ្ហាប្រឈម

សៀមរាប៖ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខធិការក្រសួងទេស​ចរណ៍បានថ្លែងថា កង្វះសាលាបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈទេស​ចរណ៍ នៅតែជាបញ្ហាប្រឈមមួយក្នុងការផលិត​កម្លាំងពលកម្មក្នុងវិស័យមួយនេះ ។ ប៉ុន្តែការបណ្តុះបណ្តាល​វិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលដំណើរការដោយអង្គការជាតិ-អន្តរជាតិ សមាគមឧស្សា​ហកម្ម ទេសចរណ៍មួយចំនួន បានក្លាយជាកម្លាំងចលករ​មួយដ៏សំខាន់ក្នុងការផលិតកម្លាំងពលកម្មនេះ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច វគ្គទី២ដល់យុវជនចំនួន ២០០ នាក់ ដែលរៀបចំដោយក្លឹប​ទេស​ចរណ៍​​ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា បច្ចុប្បន្ន មានតែសាលា​បណ្តុះ​បណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធី​បណ្តុះបណ្តាលពេញម៉ោង ដែលដំណើរការដោយ​អង្គការ​ជាតិ-អន្តរជាតិ សមាគម​ឧស្សាហកម្ម ទេសចរណ៍មួយ​ចំនួនប៉ុណ្ណោះ ដែលកំពុងធ្វើការបណ្តុះបណ្តាលអ្នកជំនាញ​បានប្រមាណ ១,៥០០ ទៅ ២០០០នាក់​ក្នុងមួយឆ្នាំ។ឯកឧត្តមបន្តថា ជាផ្នែកមួយនៃដំណោះស្រាយ ,រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍បង្កើត​សាលា​ជាតិទេសចរណ៍​ចំនួនពីរសាលា នៅរាជធានីភ្នំពេញ និងខេត្ត​ព្រះសីហនុ ដែលមានសមត្ថភាពបណ្តុះបណ្តាល កម្លាំង​ពលកម្មថ្មីបាន​ប្រមាណ៣៤៥នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ​២០២៤ តទៅបើតាមការគ្រោងទុក។ ក្នុងន័យនេះ ការចូលរួម​របស់​ក្លឹបទេសចរណ៍​ខេត្តសៀមរាប គឺបានចូលរួមយ៉ាងសំខាន់ និងសកម្មដល់ការផ្គត់ផ្គង់ជំនាញទេសចរណ៍ក្នុង​ទីផ្សារការងារ​បច្ចុប្បន្ន និងការជំរុញ​តម្រង់ទិសអាជីពដល់យុវជនកម្ពុជា​សម្រាប់ថ្ងៃអនាគតផងដែរ។

ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC)លោក សែតកៅ ហ្វីលីព បានឱ្យដឹងថា កម្មវិធីបើកវគ្គបណ្តុះបណ្តាល ជា​លើកទី២ ដល់សិក្ខាកាមចំនួន ២០០នាក់ ធ្វើឡើងលើបួន​មុខ​ជំនាញ។ គឺ ជំនាញការិយាល័យជួរមុខ ,ជំនាញគេហកិច្ច ,ជំនាញ​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផ្នែក​ចុងភៅ” ។កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ​ចាប់ផ្តើមពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤និងបញ្ចប់នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥។ក្នុងនោះសិក្ខាកាមនឹងទទួល បាន មេរៀនទ្រឹស្តី​និង​ការអនុវត្តក្នុងថ្នាក់រៀន​ចំនួនបួន​ខែ ។ចំណែកបួនខែ​ទៀត​ជាវគ្គកម្មសិក្សាដែលតម្រូវឱ្យសិក្ខាកាម ត្រូវទៅធ្វើការហាត់ការ​តាមមុខជំនាញរៀងៗ​ខ្លួន​នៅតាមបណ្តា សណ្ឋាគារ ភោជនីយ​ដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប ឬក្រៅខេត្ត​សៀមរាប​តាមលក្ខខណ្ឌជាក់ស្តែង​ដែលសមាគមមាន​ដៃគូសហការត្រូវការសិក្ខាកាម៕
ដោយ៖ ប៊ុន រដ្ឋា

ads banner