ផ្អាកជើងហោះហើរវៀតណាម បន្ទាប់ពីអ្នកដំណើរថា មានគ្រាប់បែក

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ជើងហោះហើរវៀតណាម ពីទីក្រុង Da Nang ទៅកាន់ទីក្រុងហូជីមិញ ត្រូវពន្យាពេលហោះហើរកាលពីរសៀលថ្ងៃអាទិត្យ ក្រោយពេលអ្នកដំណើរបានអះអាងថា មានគ្រាប់បែកដៃ នៅក្នុងវ៉ាលី នៅលើយន្តហោះ។

អ្នកបម្រើការលើយន្តហោះ បានរាយការណ៍រឿងនេះទៅគណៈគ្រប់គ្រង ទើបឈានដល់ការពន្យារពេល ដើម្បីទុកឲ្យបុគ្គលិកសន្តិសុខអាកាសយានដ្ឋានត្រួតពិនិត្យឡើងវិញ នូវរាល់ទំនិញទាំងអស់ នៅលើយន្តហោះ។

ប៉ុន្តែ នៅថ្ងៃដដែល គេមិនបានរកឃើញវត្ថុគ្រោះថ្នាក់ដូចដែលបុរសនោះបានលើកឡើងនោះទេ ហើយ ជើងហោះហើរបានហោះចេញដំណើរធម្មតាវិញ នៅប៉ុន្មានម៉ោងបន្ទាប់។

អាជ្ញាធរជំនាញបាននិយាយ កាលពីថ្ងៃចន្ទថា ពួកគេកំពុងបំពេញឯកសារ ដើម្បីផាកពិន័យបុរសអ្នកដំណើរដែលរាយការណ៍មិនពិត តែអាជ្ញាធរមិនបានឲ្យដឹងទេពីស្ថានភាពរបស់អ្នកដំណើរនោះ ឬថាតើមានពាក់ព័ន្ធនឹងស្ថានភាពផ្លូវចិត្តឬយ៉ាងណា។

តាមច្បាប់វៀតណាម អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពីវត្តមានរបស់កាំភ្លើង គ្រាប់កាំភ្លើង គ្រាប់បែក សារធាតុផ្ទុះ សារធាតុវិទ្យុសកម្ម និងអាវុធជីវគីមី នៅលើជើងហោះហើរ អាចនឹងត្រូវពិន័យជាប្រាក់ ១៥០០ដុល្លារអាមេរិក។ ក្រៅពីនេះ ពួកគេក៏អាចត្រូវបានចោទប្រកាន់ព្រហ្មទណ្ឌ ពីបទរារាំងចរាចរណ៍អាកាសចរណ៍ផងដែរ។ នេះបើតាម VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner