ជាកូវីដ! លោក Biden ត្រឡប់ទៅសេតវិមានវិញ

អាមេរិក៖ បន្ទាប់ពីសម្រាកព្យាបាល ដោយសារតែជំងឺកូវីដ១៩ ជាមួយនឹងការប្រកាសដកខ្លួន ពីបេក្ខភាពបោះឆ្នោត លោក Jo Biden កាលពីថ្ងៃអង្គារ បានវិលត្រលប់ទៅបំពេញការងារ នៅសេតវិមាន ឡើងវិញ។

ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានដាក់ឲ្យនៅភាពឯកោ ជិតមួយសប្តាហ៍ ជាមួយ Covid ១៩ នៅផ្ទះនាតំបន់ឆ្នេរ Delaware មុនពេលវេជ្ជបណ្ឌិតអះអាងថា លោកបានជាសះស្បើយ ពេញលេញ។

លោក Biden បានប្រកាសថា លោកនឹងថ្លែងសុន្ទរកថាដំបូង ចេញពីការិយាល័យ Oval នៅថ្ងៃពុធនេះ អំពីផែនការ នៅខាងមុខទៀត។ នៅពេលត្រូវបានស្រែសួរ ដោយអ្នកសារព័ត៌មានថា តើលោកនឹងនិយាយអ្វី? លោក Biden បានឆ្លើយថា «សូមរង់ចាំមើល ហើយចាំស្តាប់ នូវអ្វីដែលខ្ញុំនឹងនិយាយ»។

ទាំងលោក Biden និងលោកស្រី Harris ដែលជាអនុប្រធានាធិបតី និងជាអ្នកត្រូវបានលោក Biden ណែនាំឲ្យធ្វើជាបេក្ខភាពប្រធានាធិបតី ជំនួសរូបលោក សម្រាប់ការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខនេះ គ្រោងនឹងទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាសប្តាហ៍នេះ ក្នុងទស្សនកិច្ច នៅវ៉ាស៊ីនតោន របស់មេដឹកនាំអ៊ីស្រាអែល រូបនេះ។

ការតែងតាំងជាផ្លូវការចំពោះ លោកស្រី Kamala Harris គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៧ ខែសីហា នៅក្នុងការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណែត របស់ប្រតិភូជិតពីរសប្តាហ៍ មុនការប្រារព្ធសន្និបាតប្រជាធិបតេយ្យ នៅក្នុងទីក្រុង Chicago ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner