រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំកិច្ចពិភាក្សាសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» (Video Inside)

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្ត្រា បានដឹកនាំកិច្ចពិភាក្សាមួយ ជាមួយបណ្តាសារព័ត៌មាន ក្រោយភាពត្អូញត្អែរដែលចោទថា មានអ្នកសារព័ត៌មានខ្លះ បានប្រើប្រាស់អាជីពរបស់ខ្លួនដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។

កិច្ចពិភាក្សាថ្ងៃទី២៤កក្កដាបានតម្រែតម្រង់ទិសដៅ ដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់ គោរព «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលពេលនេះត្រូវបានតាក់តែងចេញជាសេចក្តីព្រាង ដើម្បីឱ្យអ្នកសារព័ត៌មានទាំងឡាយ ត្រូវទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។

សេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលមាន ៦ជំពូក បានសរសេរថា ទង្វើបំពានរបស់អ្នកសារព័ត៌មានផ្ទុយនឹងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា «មិនស្ថិតក្នុងក្របខណ្ឌ នៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានឡើយ»។

ទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវគេរំពឹងថា នឹងមានការផ្លាស់ប្តូរ ឬថែមថយចំណុចខ្លះទៀត ខណៈមានតំណាងអង្គការយូណេស្កូ និងសមាគមអ្នកសារព័ត៌មានមួយចំនួន កំពុងតែពិភាក្សាមិនទាន់ឯកភាពគ្នាទាំងស្រុងឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី១៨កក្កដាថា «ត្រូវយកចិត្តទុកដាក់លើការជួយអប់រំ និងតម្រែតម្រង់អ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសក្រមសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់អ្នកសារព័ត៌មានជាច្រើន ដែលប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ»។

ads banner