បង្រៀនការកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើរពាក់ ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ) ដែលរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា(AFD) នៅឃុំសាលាវិស័យ

 កំពង់ធំៈ វគ្គបណ្ដុះបណ្ដាលស្ដីពីការកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើរពាក់ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ)នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានដំណើរការរយៈបីថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤។

វគ្គមានអ្នកចូលរួមចំនួន២០នាក់ ,បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD )មានចំនួនប្រាំនាក់ (ស្រី៤នាក់) និងគ្រូឧទ្ទេសចំនួនមួយនាក់។ ដោយមានការគាំទ្រថវិកាពីSDC/Ireland នៃគម្រោង(ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច)អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា (AFD )បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មរពាក់ ផលអនុផលព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្មដល់តំណាងកសិករក្នុងតំបន់គោលដៅ ជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ សហគមន៍នេសាទនិងសហគមន៍កសិកម្ម  ដើម្បីបង្កើនប្រាក់ ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្ករបង្កើនផល ការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃរំចេក រំដេង និងរពាក់។

លោកស្រី គៀត តាំងហ៊ាន់ មន្ត្រីជំនាញបច្ចេកទេសកសិកម្មរបស់អង្គការAFD  បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ការយល់ដឹងកែច្នៃលើអនុផលព្រៃឈើ។
លោកស្រី គឹម ធីតា គ្រូបង្រៀនកែច្នៃម្សៅរំដេង បានបង្ហាញពីលក្ខណៈពិសេសរបស់រំដេងដែលជាគ្រឿងទេសមួយប្រភេទដុះក្នុងដីដែលត្រូវបានគេប្រើប្រាស់ក្នុងការចម្អិនក្នុងបណ្ដាប្រទេសអាស៊ី។

អ្នកស្រី អ៊ន់ យី ជាគ្រូបង្រៀនអញ្ជើញមកពីខេត្តសៀមរាប ឈ្មោះសិប្បកម្មផ្តៅអង្គរ ដែលបានបង្រៀនពីការផលិតកន្រ្កក ដាក់ផ្លែឈើនិងដាក់បន្លែ រយៈពេលមួយថ្ងៃដែលចាប់ផ្ដើមពីមូលដ្ឋានគ្រឹះ។លោកស្រីបញ្ជាក់ថា ការផលិតសម្ភារៈប្រើប្រាស់ចេញពីផលអនុផលព្រៃឈើរពាក់នេះមានសារៈប្រយោជន៍ដល់ស្ត្រីនៅតាមសហគមន៍  ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមភូមិ ឃុំនិងសហគមន៍ផងដែរ៕
ដោយ ៖ ប៊ុន រដ្ឋា

ads banner