អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ដឹកនាំដាំកូនត្នោត និងកូនឈើលើផ្ទៃដី ៣០៨ហិកតា នៅឃុំសាលាវិស័យ

កំពង់ធំ៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ក្រោមជំនួយគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP )នៃគម្រោងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ក្នុងការកំណត់អត្តសញ្ញាណកម្មជនជាតិដើមភាគតិចក្នុងខេត្តកំពង់ធំ និងព្រះវិហារ បានរៀបចំចុះដាំកូនត្នោត និងកូនឈើតាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ គោលបំណង ក្នុងការចុះដាំកូនត្នោតគឺ ដើម្បីបង្កើនគម្របដី និងដាំជាបង្គោលព្រំព្រៃសហគមន៍ បង្កើនជីជាតិដីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្ដល់អត្ថប្រយោជន៍និងរកប្រាក់ចំណូលបន្ថែមដល់សមាជិកសហគមន៍។
    
ក្នុងសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា លោកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូរសោមបានបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា គោលនយោបាយដាំកូនត្នោត និងកូនឈើឡើងវិញ បានអនុវត្ដយ៉ាងសកម្ម ក្នុងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវតាមវិចារណញ្ញាណ។

 លោក ស៊ឹម គឿន ជំទប់ទី២ឃុំសាលាវិស័យ បាននិយាយថា ការដាំកូនត្នោត និងកូនឈើនៅតាមព្រំប្រទល់ព្រៃសហគមន៍អូរសោមនាពេលនេះ ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសគំនិតឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ការពារនិងស្រឡាញ់ព្រៃឈើ ក៏ដូចជាដើមត្នោត ។អ្វីដែលកាន់តែពិសេសសម្រាប់ជនជាតិខ្មែរ ការដាំកូនត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារដើមត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។

គួរបញ្ជាក់ថា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍បានរៀបចំការដាំកូនត្នោត២០.០០០ដើម និងកូនឈើ៣.២០០ដើម ដែលមានផ្ទៃដី៣០៨ហិកតា តាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតនៅឃុំសាលាវិស័យ ៕
ដោយ ៖ ប៊ុន រដ្ឋា

ads banner