សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ ខិតខំប្រឹងប្រែងការពារព្រៃឈើចំនួន ២៦៨០ហិចតាដើម្បីផលប្រយោជន៍ប្រជាសហគមន៍

ភ្នំពេញ៖ សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ នៃ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងតែខិតខំប្រឹងប្រែងក្នុងកិច្ចការពារព្រៃឈើចំនួន ២៦៨០ហិច​តាដើម្បីបានជាផលប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងការអាស្រ័យផលនៃអនុផលព្រៃឈើ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ថាក្នុងភូមិដែលមានសមាជិកចំនួន៤ គឺស្រែពកធំ ស្រែពកតូច នាងដី និង ភូមិប្រាំ នៃស្រុកកូនមុំ ខេត្តរតនគិរី កំពុងរួមគ្នាការពារ​ព្រៃឈើ ការពារសត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយការប្រែប្រួលអាកាស​ធាតុ​តាមគម្រោងឥណទានកាបូន។

ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា៖សហគមន៍មានផែនការ​គ្រប់គ្រង និង បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានរយះពេល១៥ឆ្នាំ។ជាមួយគ្នានេះដើម្បីការពារព្រៃឈើរបស់សហគមន៍ឱ្យមានប្រសិទ្ធភាពជារៀងរាល់ខែគណកម្មការសហគមន៍ធ្វើការល្បាត អប់រំផ្សព្វផ្សាយ និងបង្កើនកិច្ច​សហការ​ជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ក្រុមដីសម្បទាន​សេដ្ឋកិច្ច អង្គការអភិរក្ស និងអជ្ញាធរមូលដ្ឋាន។

សហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មាន​ការចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួនជិត១ពាន់នាក់ ហើយបច្ចុប្បន្ននេះ បងប្អូន​សហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំ​សម្រាប់​ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។

គួរបញ្ជាក់ថាក្រសួងបរិស្ថាននាកន្លងមកបានបង្ហាញឱ្យដឹងថា ចំនួន ៦៨ភាគ​រយ នៃគ្រួសារជនបទនៅទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យ​លើអនុផល​ព្រៃ​ឈើ​​ឬធនធានព្រៃឈើសម្រាប់សកម្មភាពជីវភាពរស់នៅរបស់ពួកគេ។ក្រៅពីនេះ ក្រសួង និង ភាគីពាក់ព័ន្ធផ្សេងទៀតក៏កំពុងស្វែងរកទីផ្សារ​ក្រៅ​ស្រុក​សម្រាប់នាំចេញអនុផលព្រៃឈើនៅកម្ពុជាផងដែរ ដើម្បីបង្កើនជីវភាព​ប្រជា​ពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner