សម្តេចតេជោ ហ៊ុន សែន ជួបប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី២៦កក្កដា ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ មេដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង នៅក្នុងរដ្ឋធានីហាណូយ។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់ម៉ឹន Tran Thanh Man ត្រូវគេរាយការណ៍ថា បានថ្លែងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក៏ដូចជាសំណើ និងគំនិតទាំងឡាយ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា តាមរយ:កិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងគណបក្ស និងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា និងវេទិកាពហុភាគី។

ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាមបានគោរពអញ្ជើញសម្តេចតេជោ ប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាទស្សនកិច្ចលើកដំបូង របស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥កក្កដា នៅបានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម លោក តូឡឹម និងជួបលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ដែលសន្យាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០ និងលើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការ ក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០។

ads banner