Volkswagen បន្តកាត់បន្ថយការចំណាយ ចំពេលប្រាក់ចំណេញធ្លាក់ចុះ
ប៊ែរឡាំង៖ ក្រុមហ៊ុន Volkswagen កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា ខ្លួននឹងអូសបន្លាយពេលកាត់បន្ថយការចំណាយបន្ថែមទៀត ដោយសារតែប្រាក់ចំណេញនៅត្រីមាសទីពីរនៃឆ្នាំនេះ បន្តធ្លាក់ចុះចំពេលមានការចំណាយខ្ពស់។
ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Volkswagen កំពុងស្ថិតក្នុងដំណាក់ការសន្សំប្រាក់ចំនួន ១០.៨៣ពាន់លានដុល្លារ ដែលបានប្រកាសដំបូងកាលពីខែធ្នូឆ្នាំមុន ជាមួយនឹងការកាត់បន្ថយការចំណាយរហូតដល់ ៤.៣ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
ក្រុមហ៊ុន Volkswagen បាននិយាយថា ម៉ាករថយន្ត Porsche បានជួបប្រទះការលំបាកនៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ បន្ថែមពីលើនេះ ការលក់រថយន្ត Porsche នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះខ្លាំង ធ្វើឱ្យប្រាក់ចំណូលទាប តែការចំណាយខ្ពស់ទាក់ទងនឹងការចេញលក់ម៉ូដែលថ្មីៗ។
តួយ៉ាង ប្រាក់ចំណូលនៅត្រីមាសទី២ឆ្នាំនេះ របស់ក្រុមហ៊ុន Volkswagen មុនបង់ពន្ធមានត្រឹមជាង ៥.៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន មានចំនួនជាង ៦ពាន់លានដុល្លារ។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Volkswagen លោក Arno Antlitz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយដ៏សំខាន់ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង។
ក្រុមហ៊ុន Volkswagen កំពុងធ្វើការកែលម្អឡានរបស់ខ្លួនជាសាកល ជាមួយនឹងម៉ូដែលឡានអគ្គិសនី (EV) ដើម្បីវាយលុកជាពិសេសនៅក្នុងទីផ្សារចិន និងសហរដ្ឋអាមេរិក ស្ថិតក្នុងគោលបំណងការពារចំណែកទីផ្សារក្នុងប្រទេសចិន, រក្សាចំណែករបស់ខ្លួននៅអឺរ៉ុប និងការរីកចម្រើននៅសហរដ្ឋអាមេរិក៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា