រដ្ឋមន្រ្តីអធិការកិច្ច ៖ ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាពចម្បងក្នុងការពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា”
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តាខណ្ឌ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គអធិការកិច្ចបឋម ទាំង៥២រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្រ្តីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព, ភាពមិនលំអៀង, សមត្ថភាពវិជ្ជាជីវៈ, ជៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងទិសស្លោក «គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងអធិការកិច្ច មានបេសកកម្មក្នុងការសម្រួចទិសដៅការងារផ្ដោតលើការងារអធិការកិច្ចនៅលើគ្រប់វិស័យនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសល់តែ២១ ថ្ងៃទៀត មានអាយុកាល ១ឆ្នាំហើយ ដែលតាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាល បានកំណត់នៅក្នុងមុំទី៣ នៃស្នូលយុទ្ធសាស្រ្តបញ្ចកោណ ផ្ដោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ ហេតុនេះហើយ មុខងារអធិការកិច្ច និងមន្រ្ដីអធិការកិច្ចដែលមានសមត្ថភាពនិងមានក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ នៅក្នុងបរិបទនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលការងារបស់យើងទាំងអស់គ្នា គឺជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក នឹងមានការសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក៏មានការរៀបចំពិធីអបអរសាទរ ទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែង នៅតាមស្ថាប័នរដ្ឋ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលឱ្យបានច្រើនកុះករ ដើម្បីបង្ហាញអំពីស្មារតីជាតិនិយមផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ