ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ»។

សន្និសីទនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់៣០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០នាក់។

សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅប្រទេសកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាកនិងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏ណែនាំដល់អង្គសន្និសីទទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបន្ថែមទៀត ដូចខាងក្រោម (១) ត្រូវត្រួតពិនិត្យអនាម័យតាមតាមន្ទីរពេទ្យ ចុះតាមសាលនានា ប្រធានថែទាំត្រូវប្រជុំរៀងរាល់ អាទិត្យដើម្បីពិភាក្សាពីបញ្ហា និងដោះស្រាយជាមួយគ្នា (២) ត្រូវធ្វើកិច្ចការឱ្យកាន់តែប្រសើឡើង (៣) កិច្ចសហប្រតិបត្តិការជាមួយសហភាតរៈ និងដៃគូនានា (៤) ផ្តល់ការថែទាំប្រកបដោយមេត្តាករុណាសម្រាប់អ្នកជំងឹ (៥)ជាម្ចាស់ការលើការងារដែលខ្លួនបានធ្វើ (៦)យកចិត្តទុកដាក់កាងារជាសំខាន់ (៧) ត្រៀមដោះស្រាយបញ្ហាផ្សេងឱ្យបានទាន់ពេលវេលា និង(៨)មានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការងារថែទាំ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner