សិក្ខាកាមយោធិនសិក្សាវគ្គបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម នៅកងពលតូចអន្តរាគមន៍លេខ១ បានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មជំនាន់ទី២៤ នៅកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក និងវត្តមានឯកឧត្តម បណ្ឌិត សួង ណយ អនុប្រធានគណៈ កម្មាធិការជាតិ ជម្រុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានសំដែងនូវការកោតសរសើរដល់គំនិតផ្តួចផ្តើម របស់ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក ដែលបានរួមសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ក្រុមហ៊ុនស៊ីភី និងរួមសហការជាមួយកងពលតូចអន្តរាគមន៍លេខ១ រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មនេះឡើង ក្នុងគោលបំណងពង្រីកសមត្ថភាពយល់ដឹងលើបច្ចេកទេសនានា សម្រាប់ជំនាញកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូច អន្តរាគមន៍លេខ១ ហើយដំណើរការបញ្ចប់វគ្គនាពេលនេះទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ដែលបានប្រារព្ធពិធីបិទនាឱកាសនេះថា ជាលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងចូលរួមអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាលអណត្តិទី៧ តំណាក់កាលទី១ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។
ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្រឆាំង នូវរាល់ឧបាយកលញុះញង់បំបែកបំបាក់ផ្ទៃក្នុង បំផ្លិចបំផ្លាញសន្តិភាព។ ត្រូវការពារឱ្យបាន ដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ច្បាប់នានា របស់រដ្ឋ ច្បាប់លក្ខន្តិកៈ និងបទវិន័យ ទូទៅ បទបញ្ជា នៃកងយោធពលខេមរភូមិន្ទ ឱ្យបានភ្ជាប់ភ្ជួន។ ត្រូវយកចំណេះដឹងពីការសិក្សាទៅអនុវត្តន៍នៅអង្គភាពឱ្យមានប្រសិទ្ទភាពខ្ពស់។ ទន្ទឹមនោះដែរ យោធិនគ្រប់រូបត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមសហការ ទប់ស្កាត់ និងបង្រាបការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់ ។
តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍កងទ័ពជើងគោក បានឲ្យដឹងថា ៖ វគ្គសិក្សារៀនសូត្របំប៉នមូលដ្ឋានកសិកម្មមានរយៈពេល ៦១ថ្ងៃ ចាប់បើកពីថ្ងៃទី០៣ ខែមិថុនា រហូតដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។
សិក្សាលើខ្លឹមសារមេរៀនរួមមាន៖
១/ ការចិញ្ចឹមត្រីអណ្តែងក្នុងថង់ផ្លាស់ស្ទិច
២/ ការផលិតថ្នាំពុលសំលាប់សត្វល្អិតលើដំណាំធម្មជាតិ
៣/ របៀបធ្វើជីកំប៉ុសទឹកធម្មជាតិ
៤/ វិធីពង្រីកបង្កាត់ពូជដំណាំ
៥/ ការបណ្តុះផ្សិតអំបោះ
៦/ ការធ្វើជីEM
៧/ ការដាំបន្លែ
៨/ ការចិញ្ចឹម គោ ជ្រូក មាន់
៩/ របៀបធ្វើជីកំប៉ុសបែបធម្មជាតិគោក
១០/ ការកែច្នៃកសិផលបន្លែរយៈពេលប្រាំពីរថ្ងៃ និង ១១/ អប់រំចិត្តសាស្ត្រ។
ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាន និទ្ទេសល្អ ចំនួន ២៣ នាក់ ស្មើនឹង ២៨.៧៥%; និទ្ទេសល្អបង្គួរចំនួន ៣៥ នាក់ ស្មើនឹង ៤៣.៧៥% និងនិទ្ទេសមធ្យមចំនួន ២២ នាក់ ស្មើនឹង ២៧.៥% ៕
ប្រភព ៖ ខ ភ ម