ខេត្តកំពតត្រៀមខ្លួនរួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

កែប៖ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួន​រួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោ​នៅថ្ងៃទី៥ ខែសីហានេះដោយខេត្តនឹងរៀបចំកម្មវិធីជួបជុំទូងស្គរ ការសម្ដែងរបាំជូនពរ សម្ដែងឆៃយ៉ាំ​ ការច្រៀងរួមគ្នា ការទទួល​ទានអាហាសាមគ្គី ការប្រគំតន្ត្រីជាច្រើនទីតាំង និងបាញ់កាំជ្រួចជា​ដើម។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៤នេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តបានបញ្ជាក់ថា​ រដ្ឋបាលខេត្ត​កំពតបានត្រៀមរៀបចំកម្មវិធីជាច្រើនពេញមួយថ្ងៃដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ក្នុងនោះមាន កម្មវិធីជួបជុំថ្នាក់ដឹនាំ មន្ត្រីរាជការ កម្លាំង យុវជន សិស្សានុសិស្ស និស្សិតនៅសាលប្រជុំបូកគោ ទូងស្គរ ការសម្តែង ឆៃយ៉ាំ របាំជូនពរ ចម្រៀងអបអរសាទររួម​គ្នានៅ​ពេលព្រឹក  និងការទទួលទាន​អាហារ​សាមគ្គីរួមគ្នានៅពេលល្ងាច ។ការប្រគំតន្ត្រីពីរទីតាំងនៅ​សួនច្បារ​រូប​សំណាកព្រះបាទអង្គដួង និងទីតាំងត្រីសេះសមុទ្រ  និងបាញ់កាំជ្រួចអ​បអរផងដែរ។ចំណែកការរៀបចំផ្សេងៗបានត្រៀមរួចរាល់ហើយ។

ដោយឡែកពលរដ្ឋក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមអប​អរសាទរ​ពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួក​គេ​យល់ច្បាស់​អំពីអត្ថប្រយោជន៍ និងរំពឹងថាសេដ្ឋកិច្ចគ្រួសារ និងប្រទេស​ជាតិកាន់តែប្រសើរ បន្ទាប់ពីមានផ្លូវទឹកភ្ជាប់ទីកាន់សមុទ្រ។  

បើតាមការបញ្ជាក់របស់លោក ខៀវ រិទ្ធិភ័ណ្ឌ ថានៅតាមបណ្តា​ក្រុង​ស្រុក ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានអប់រំ និងសាសនានានា​ក្នុងខេត្ត ក៏ធ្វើពិធីអបអរសាទរនៅតាមទីកន្លែងរៀងៗខ្លួនផងដែរ៕
ដោយ៖ សិលា សារិន

ads banner