អគ្គនាយកដ្ឋានគយគ្រោងកម្ទេចចោលទំនិញល្មើសច្បាប់ជាង៦០០តោន

កំពង់ស្ពឺ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងនឹងកម្ទេចចោល​នូវទំនិញគ្មានការទាមទារដែលខូចគុណភាពប្រមាណជាង ៦០០តោន នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាពេលខាងមុខ ។នេះ​បើយោងតាមស្មារតី​នៃកិច្ចប្រជុំស្តីពីការកំណត់​វិធីសាស្ត្រក្នុង​ការ​កម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាពស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងសប្ដាហ៍នេះ។

តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានវត្តមានក្នុងកិច្ច​ប្រជុំនោះបានលើកឡើង​ថា កន្លងមក មន្ត្រីជំនាញគយ​និងរដ្ឋាករ​បានបង្ក្រាបបានទំនិញល្មើសនឹងច្បាប់ស្តីពីគយជាច្រើនមុខទំនិញ ដែលម្ចាស់មិនព្រមចូលខ្លួនមកដោះស្រាយ ហើយ​ត្រូវបានចាត់​បញ្ចូលជាទំនិញគ្មានការទាមទារស្របតាមនីតិវិធីជាធរមាន។ ក្នុងចំណោមទំនិញគ្មានការទាមទារទាំងនោះមានចំនួន ១២៣ មុខទំនិញបានខូចគុណភាព និងជាកម្មវត្ថុនៃការកម្ទេចចោលតាមវិធី សាស្ត្រកម្ទេចដែលនឹងត្រូវកំណត់ដោយ​ស្ថាប័ន​ជំនាញ។
ទំនិញគ្មានការទាមទារដែលខូចគុណភាពទាំង១២៣ មុខត្រូវបាន​បែងចែកជាប្រាំប្រភេទរួមមាន៖១- បារីចម្រុះម៉ាក និងធាតុផ្សំនានា ៤១មុខ ស្មើនឹង ១៣២,៩០២ គីឡូក្រាម។២-ថ្នាំកសិកម្មនិងសារធាតុ​គីមី ១៣ មុខស្មើនឹង ១១០,៦៤៦គីឡូក្រាម ។៣-ភេសជ្ជៈ​និងចំណី​អាហារ ២០ មុខ ស្មើនឹង ១៤៤,៩៧៤គីឡូក្រាម។៤- សំណល់ប្លាស្ទិក កៅស៊ូក្រាលថ្នល់និងអាគុយប្រើរួច៩មុខស្មើនឹង ១៧៧,៧១៥ គីឡូក្រាម និង ៥-សម្ភារៈប្រើប្រាស់និងទំនិញផ្សេងៗ៤០មុខ ស្មើនឹង​៨៤,២៣៥គីឡូក្រាម ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រដ្ឋបាល​ខេត្តនឹងចូល​រួមគាំទ្រនិងសម្រួលដល់ការងារកម្ទេចចោលនេះ ។​លោកបានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពិនិត្យវាយម្លៃ និង ញែកឱ្យដាច់រវាងទំនិញនិងផលិតផលដែល​មាន​ផលប៉ះ​ពាល់ខ្ពស់ដល់មនុស្ស សត្វ បរិស្ថានរួមទាំង រុក្ខជាតិ និងត្រូវរកឱ្យ​ឃើញថាតើទំនិញឬផលិតផលណាមួយត្រូវកិនកម្ទេច កប់ និងដុត​បំផ្លាញ ដើម្បីជៀសវាងនូវផលប៉ះពាល់ខាងលើ។ មួយវិញទៀត លោកបានស្នើឱ្យពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឡដុត ដែលអាច ដុតបំផ្លាញនូវទំនិញទាំងអស់ខាងលើបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងមានបន្សល់កាក សំណល់តិចតួច​ដែលអាចមានផល​ប៉ះពាល់ស្ថិតក្នុងកម្រិតទាបបំផុត៕

ដោយ៖ ម៉ុន សំអាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner