ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត ជំរុញឲ្យបណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើអត្តសញ្ញាណជាតិបានច្រើន

(កែប)៖ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅព្រឹកថ្ងៃទី០៣ ខែសីហា ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឲ្យបណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណជាតិដូចជា ដើមក្ងោកជាដើម។

ខេត្តកែប បានក្លាយជាខេត្តទាក់ទាញមួយ លើសោភ័ណភាពដ៏ស្រស់ស្អាតរបស់ដើមក្ងោកនៅតាមដងផ្លូវ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានជំរុញលើកទឹកចិត្តឲ្យខេត្តកែប បន្តដាំដើមក្ងោកឲ្យបានកាន់តែច្រើនថែមទៀត នៅតាមតាមផ្លូវ តាមឆ្នេរនានាពិសេសឆ្នេរអង្កោល ដែលទើបទទួលបានផ្លូវថ្មី។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំឲ្យមានសួនបណ្តុះកូនឈើតាមរាជធានី ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំដុះ បង្កើនគម្របព្រៃឈើឡើងវិញ ឲ្យបាន១លាន ៣សែនដើមក្នុងមួយឆ្នាំ។

តាមរយៈពិព័រណ៍ពន្លកបៃតង រៀបចំដោយក្រសួងបរិស្ថាន នាពេលកន្លងទៅនេះ ក៏បានបណ្ដុះស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើឡើងវិញ ឲ្យបានកាន់តែច្រើន ដោយក្រសួងបរិស្ថាន នឹងបន្តរៀបចំពិពរណ៏ពន្លកបៃតង ទ្រង់ទ្រាយធំនៅឆ្នាំក្រោយ នៅរាជធានីភ្នំពេញ និងតាមបណ្ដារាជធានីខេត្ត ផ្សេងទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តខិតខំធ្វើការបណ្ដុះកូនឈើឲ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋ ។ តាមការគ្រោងទុកក្រសួងបរិស្ថានគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន៥លានហិចតាបន្ថែមទៀត ក្នុងរយៈ ពេល ២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញ ឲ្យបាន១១លានហិចតា រឺ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរខេត្តនិងមន្ត្រីបរិស្ថាន យកចិត្តទុកដាក់ទៅលើបរិស្ថាន ដោយធ្វើយ៉ាងណាជំរុញភាពស្អាត អនាម័យឲ្យទៅជាចលនា និងប្រែក្លាយទៅជាទម្លាប់នៃភាពស្អាត នៅគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈយុទ្ធនាការ “ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” របស់ក្រសួងបរិស្ថាន បាននិងកំពុងបណ្ដុះគំនិតនៃភាពស្អាត និងការចូលរួមរបស់ប្រជាពល រដ្ឋ នៅក្នុងសំណោមស្រទាប់កុមារ និងយុវជនដែលបច្ចុប្បន្នមានអ្នកចូលរួមប្រមាណជាង ៣លាននាក់ បានចូលរួមយ៉ាងផុលផុស ក្នុងយុទ្ធនាការនេះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner