” គម្រោងការកសាងភូមិសន្តិភាពនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ” ត្រូវបានចុះហត្ថលេខាទទួលហិរញ្ញប្បទានពី កយកា

បាត់ដំបង៖កាន់តែទទួលបានការចាប់អារម្មណ៍ ដោយមានមន្ទីអភិវឌ្ឍន៍​ជនបទ​ខេត្តជាអ្នកសម្របសម្រួល​ ខេត្តបាត់ដំបងកាលពី​ថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៤​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងផ្តល់នូវហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ​ភូមិ រវាងគម្រោងការ កសាង​ភូមិ​សន្តិភាព តាមរយៈនៃការអភិវឌ្ឍសហគមន៍ជនបទចម្រុះ និងគណៈកម្មាធិការអភិវឌ្ឍន៍​ភូមិចំនួន៣០ភូមិ​ដែលជាភូមិគោលដៅនៃ​ខេត្តចំនួនបី ។ ខេត្តទាំងបី មានខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តប៉ៃលិន។

គម្រោងដែលចុះហត្ថលេខានេះទទួលការ​គាំទ្រពីទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា​(KOICA)ជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា និងតាមរយៈក្នុងការអនុវត្តគម្រោង ពីក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅសណ្ឋាគារសង្កែ ក្រុង​បាត់​ដំបងក្រោមអធិបតីភាពឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍​សហគមន៍​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទព្រមទាំងលោកអភិបាលរងខេត្តគោលដៅទាំងបីខាងលើ។តំណាង​ដៃគូក្នុងការអនុវត្តនិងជំរុញ​ការអភិវឌ្ឍគម្រោង​ខាង​លើ​និងតំណាងភូមិគោលដៅទាំង៣០ដែលមកពីខេត្តទាំងបីក៏បានចូលរួមផងដែរ។

គម្រោងការកសាងភូមិសន្តិភាពនិងតាមរយៈការអភិវឌ្ឍជនបទចម្រុះក្នុងភូមិគោលដៅទាំង៣០ដោយភូមិគោលដៅនីមួយៗទទួលបាននូវកញ្ចប់ថវិកាជំហានទីមួយ ចំនួនបីម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម អឿន ធារិទ្ធ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ចាប់ពីឆ្នាំ២០២៤-២០២៨
ក្រសួងមានទិសដៅក្នុងការកសាងជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល ភាពធន់ផ្នែក​សេដ្ឋកិច្ច ធានា​បាន ប្រាក់ ចំណូលគ្រួសារប្រកបដោយចីរភាពនិងមានសុខុមាលភាពកាន់តែប្រសើរឡើង។

សូមជម្រាបថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍ សហគមន៍ជនបទចម្រុះ ជាគម្រោងទទួលបាន​​ថវិកាជំនួយ​ពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍​ជនបទ អង្គការទស្សនៈពិភពលោក​អន្តរជាតិនិងវិទ្យា ស្ថានទីផ្សារអាហារកសិកម្មថ្មី ។គម្រោងនេះក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ដែលធ្លាប់រងគ្រោះដោយសារ​គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រកបដោយនិរន្តរភាព។ខេត្តគោលដៅទាំងបី រួមមាន ស្រុកសំឡូតខេត្តបាត់ដំបង, ស្រុកស្វាយចេក​និង​ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ, ស្រុក សាលាក្រៅនិងក្រុងប៉ៃលិន​ខេត្តប៉ៃលិន។រយៈពេល​អនុវត្តពី ខែធ្នូឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៦៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner