ជប៉ុនក្តៅបំផុតពុំធ្លាប់មាន ក្នុងពេល១២៦ឆ្នាំ
តូក្យូ៖ សីតុណ្ហភាព ជាមធ្យម នៅខែកក្កដា របស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពុំធ្លាប់មាន ក្នុងរយៈពេល១២៦ឆ្នាំ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ចេញផ្សាយ ថ្មីៗនេះ។
ប្រភពបានឲ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ លើមហាសមុទ្រប៉ាស៊ីហ្វិក កាន់តែខ្លាំង បង្កើនសីតុណ្ហភាពទូទាំងប្រទេស ជំរុញឱ្យឡើងកំដៅ ឈានដល់កម្រិតគ្រោះថ្នាក់។ សីតុណ្ហភាព ជាមធ្យម ក្នុងខែនោះ បានកើនឡើង លើសពីកម្រិតធម្មតា ២.១៦អង្សាសេ ជាចំនួនខ្ពស់បំផុត ចាប់តាំងកំណត់ត្រា ឆ្នាំ១៨៩៨។
សីតុណ្ហភាព ជាមធ្យម នៅក្នុងខេត្ត Okinawa និងតំបន់ Amami ក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេស ក៏ដូចជា នៅភាគខាងកើត ប្រទេសជប៉ុន បានកើនខ្ពស់បំផុត។ តំបន់នៅភាគខាងលិច និងភាគខាងជើង ប្រទេស បានកត់ត្រាខ្ពស់បំផុត លំដាប់ទីពីរ។ ទីក្រុង Obihiro ក្នុងទីក្រុង Hokkaido ដែលសីតុណ្ហភាពខ្ពស់ជាងធម្មតា ៤ ដឺក្រេ កណ្តាលទីក្រុងតូក្យូ បានកត់ត្រាខ្ពស់ជាង៣ដឺក្រេ និង ទីក្រុង Nagoya ២.៥ ដឺក្រេ។
ទីភ្នាក់ងារឧតុនិយមនិយាយថា ជប៉ុនអាចនឹងកំណត់កម្រិតខ្ពស់ថ្មី នៅពេលអនាគត ប្រសិនបើការឡើងកម្តៅ នៃផែនដី កាន់តែកើននោះ។ គេបានព្យាករណ៍ពីសីតុណ្ហភាព ខ្ពស់ជាងធម្មតា ទូទាំងប្រទេស ក្នុងខែសីហា ហើយព្រមានអំពីហានិភ័យខ្ពស់ នៃជំងឺដាច់សរសៃឈាមខួរក្បាល។
ប្រជាជនជប៉ុនត្រូវបានណែនាំអោយទទួលទានជាតិទឹក និងអំបិលក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹក និងជៀសវាងការចេញទៅក្រៅ ដែលមិនចាំបាច់៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត