សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៥៦១នាក់
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់) និងចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,៦០៧ នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ យោងតាមរបាយការណ៍ស្ទង់មតិរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន៥៦១នាក់នេះ អ្នកមានការងារធ្វើចំនួន ៥៥៥នាក់ ស្មើនឹង ៩៩% ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថា ធនធានមនុស្ស អាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងសាកលលោក អាចចាប់យកបាន នូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេស គម្លាតខួក្បាល និងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង ។
សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល បានចាត់ទុកថា ស្ថាប័នឧត្តមសិក្សា ជាដៃគូ ដ៏សំខាន់ ដើម្បីលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ