អាមេរិកដកទ័ពចុងក្រោយ ចេញពីនីហ្សេ
បរទេស៖ កាលពីថ្ងៃចន្ទ យោធាអាមេរិកបានដកខ្លួន ចេញពីមូលដ្ឋានចុងក្រោយ នៅក្នុងប្រទេសនីហ្សេ ជាប្រទេសដែលរងគ្រោះ ដោយសកម្មភាព របស់ពួកសកម្មប្រយុទ្ធ ជីហាដ ជាងមួយឆ្នាំ។
កិច្ចព្រមព្រៀងស្តីពីការដកខ្លួនរបស់អាមេរិក បន្តបន្ទាប់ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទាមទារឱ្យទាហានអាមេរិក ចាកចេញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សហរដ្ឋអាមេរិក និងបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងពួកជីហាដ នៅអាហ្វ្រិកខាងលិច ចាប់តាំងពីយោធា បានដណ្តើមអំណាច នៅក្នុងប្រទេសម៉ាលី និង បួគីណា ហ្វាសូ។
រដ្ឋប្រហារថ្ងៃទី ២៦ ខែកក្កដា ឆ្នាំមុន នៅប្រទេសនីហ្សេដែលបានផ្ដួលរំលំប្រធានាធិបតី ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ របបថ្មីនេះ បង្ខំកងទ័ពបារាំង និងអាមេរិក ចេញពីប្រទេស តាំងពីខែឧសភា។ រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុក វត្តមានរបស់ទាហានអាមេរិក ឥឡូវនេះ គឺ “ខុសច្បាប់” ហើយអះអាងអំពីអធិបតេយ្យភាព របស់ខ្លួន។
ជាការកត់សម្គាល់ នីហ្សេ កំពុងមានទំនោរទៅរករុស្ស៊ី យ៉ាងខ្លាំង ដូចនឹង ប្រទេសអាហ្វ្រិកផ្សេងៗទៀត រួមមាន ប៊ូគីណា និងម៉ាលី ជាដើម។ នីហ្សេ ក៏បានរឹតបន្តឹងទំនាក់ទំនងជាមួយតួកគី និងអ៊ីរ៉ង់ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត