ព្យុះសង្ឃរា Debby វាយប្រហារអាមេរិក មនុស្សរាប់សែននាក់ដាច់អគ្គិសនីប្រើប្រាស់
ផ្លរីដា: ព្យុះសង្ឃរា Debby បានរំកិលខ្លួនមកដល់ឆ្នេរសមុទ្រក្នុងតំបន់ Big Bend នៃរដ្ឋផ្លរីដា។ វាត្រូវបានគេចាត់ថ្នាក់ជាព្យុះសង្ឃរាប្រភេទទី ១ ជាកម្រិតទាបបំផុតក្នុងកម្រិតចំនួន៥។
ព្យុះសង្ឃរា Debby បានបោកបក់មកដល់ឆ្នេរឈូងសមុទ្រនៃរដ្ឋផ្លរីដា នៅព្រឹកថ្ងៃចន្ទ ដោយវាបានសម្លាប់មនុស្ស៤នាក់ និងរាប់សែននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ ខណៈភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក កំពុងទប់ទល់នឹងកម្រិតភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ និងទឹកជំនន់ដ៏ធំ។
អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា យើងបានឃើញពីឥទ្ធិពលព្យុះសង្ឃរាដ៏ខ្លាំងក្លាមួយ ដោយលោកបានព្រមានថា ព្រឹត្តិការណ៍ទឹកជំនន់ នឹងកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គិតមកទល់ពេលនេះ មនុស្សជាង ៣០០,០០០នាក់បានដាច់ចរន្តអគ្គិសនីប្រើប្រាស នេះបើយោងតាមអ្នកតាមដានថាមពល poweroutage.us។ ប៉ុន្តែលោក DeSantis បានអះអាងថា គាត់បានត្រៀមកម្លាំងជួសជុលរួចរាល់ហើយ ដើម្បីតភ្ជាប់អគ្គិសនីឡើងវិញ។
មជ្ឈមណ្ឌលខ្យល់ព្យុះជាតិអាមេរិក (NH ) បានព្រមានថា ព្យុះសង្ឃរា Debby នេះ នឹងបណ្តាលឱ្យមានទឹកជំនន់ដ៏មហន្តរាយ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្រ នៅពេលវាផ្លាស់ទីទៅកាន់ភាគឦសានឆ្លងកាត់រដ្ឋ Georgia និង South Carolina ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែព្យុះ Debby កំពុងថមថយកម្លាំង។
ជាការត្រៀមខ្លួន អភិបាលរដ្ឋ Georgia និង South Carolina បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន មុនពេលព្យុះមកដល់។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យក៏បានអនុម័តសេចក្តីប្រកាសអាសន្នមួយសម្រាប់រដ្ឋផ្លរីដា ផងដែរ ដែលនឹងអនុញ្ញាតឱ្យមានការពន្លឿនជំនួយសហព័ន្ធ៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា