រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនមែនបំបិទសិទ្ធឬរឹតបន្តឹងអ្នកសារព័ត៌មានទេ តែវាជាក្របខណ្ឌនៃការតម្រង់ទិសវិជ្ជាជីវៈ
ភ្នំពេញ៖ ភាពចាំបាច់នៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មានដែលរៀបចំ មកនេះគឺមិនមែនសម្រាប់បំបិទសិទ្ធសេរីភាពអ្នកសារព័ត៌មានទេ ហើយក៏មិនមែនជាឧបករណ៍ដើម្បីទៅរឹតបន្តឹងអ្នកសារព័ត៌មានដែរ។វាជាក្របខណ្ឌនៃការតម្រង់ទិសនៃវិជ្ជាជីវៈមួយដែលស្របតាមច្បាប់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សូមបញ្ជាក់ថាការលើកឡើងពីសំណាក់រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះធ្វើឡើង ក្នុងសន្នីសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា»នៅរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដែរថា៖ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាឯកសារនៃគតិយុត្តិមួយដែលការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន,ជួយការពារវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយកសាងនូវជំនឿទុកចិត្តរបស់អ្នកសារព័ត៌មានក្នុងចំណោមសាធារណៈជន និងវាក៏បានផ្តល់នូវតម្លៃទៅឱ្យដល់អ្នកសារព័ត៌មានដែរ។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា”កង្វះខាតនៅក្នុងលិខិតបទដ្ឋានគតិយុត្តិបានតម្រូវឱ្យក្រសួងព័ត៌មានចាំបាច់ក្នុងការសម្របសម្រួលរៀបចំនូវកិច្ចការរៀបចំធម្មនុញនៃវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូលនៅលើក្រមវិជ្ជាជីវៈសារព័ត៌មានដែលមានសមាគមន៍ និង អង្គភាពសារព័ត៌មាននីមួយៗចូលរួម”។
ឯកឧត្តមបានពន្យល់ថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះវាមិនមែនជាក្រមសីលធម៌ធម្មតាទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃការពង្រីកបន្ថែមសម្រាប់ក្រមវិជ្ជាជីវៈសារព័ត៌មានដែលសមាគមន៍ និងអង្គភាពសារព័ត៌មាននីមួយៗអាចយកជាមូលដ្ឋានមួយក្នុងការប្រកបមុខជំនាញវិជា្ជជីវៈរបស់ខ្លួន។
ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដោយបញ្ជាក់បន្ថែមថា៖”អ្នកសារព័ត៌មានមានសិទ្ធក្នុងការផ្សព្វផ្សាយ។ក្នុងច្បាប់ស្តីពីសារព័ត៌មានក៏បានបញ្ជាក់គ្មានការត្រួតពិនិត្យជាមុនក្នុងការផ្សព្វផ្សាយទេ ដែលអង្គភាពនៃសារព័ត៌មានគឺជាអ្នកទទួលខុសត្រូវដោយខ្លួនឯងក្នុងការផ្សព្វផ្សាយ។ នេះគឺជាចំណុចសំខាន់។ទោះបីយ៉ាងណាយើងមានសិទ្ធផ្សព្វផ្សាយប៉ុន្តែក៏ត្រូវមើលពីសិទ្ធរបស់ខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យប៉ពាល់ទៅលើអ្នកដទៃដែរ ។ អ្នកសារព័ត៌មាន មិនត្រូវធ្វើអ្វីដែលខ្លួននឹកឃើញទេ ពោលគឺត្រូវគោរពច្បាប់ ។ ហេតុនេះធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះគឺជាផ្នែកមួយចាំបាច់ណាស់ដែលជាមូលដ្ឋានសម្រាប់អ្នកសារព័ត៌មានទាំងអស់សិក្សានិងរៀនដើម្បីឱ្យដឹងថាតើបើចង់ក្លាយជាអ្នកសារព័ត៌មានមួយដែលមានគុណភាពនិងសារព័ត៌មានមួយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រូវមានចំណុចអ្វីខ្លះនិងតើគាត់ត្រូវគោរពអ្វីខ្លះ គាត់ចៀសវាងអ្វីខ្លះ។
ឯកឧត្តមបញ្ជាក់បន្ថែមថា”ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាផ្នែកមួយចាំបាច់ណាស់ ដែលជាមូលដ្ឋានមួយសម្រាប់អ្នកសារព័ត៌មានឈរលើមូលដ្ឋានរួមទាំងអស់គ្នា មានសម្លេងតែមួយពីព្រោះកើតចេញពីអ្វីដែលជាឆន្ទះរួមអ្នកសារព័ត៌មាននិងសមាគមន៍ដែលត្រូវការចាំបាច់នូវមូលដ្ឋាននេះ។តទៅថ្ងៃខាងមុខអ្នកសារព័ត៌មានថ្មីៗគាត់ក៏មានក្រមសីលធម៌វិជ្ជាជីវៈដោយមានធម្មនុញ្ញវិជ្ជាជីវៈនេះជាគ្រឹះសម្រាប់សិក្សារៀនសូត្រ។
គួរបញ្ជាក់ថាបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថានាពេល បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយដែល ទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណ ២ពាន់ស្ថាប័ន។
នៅក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួន ជាង ១ពាន់អង្គភាព កំពុងប្រតិបត្តិការ ផ្សាយ។ទោះបីយ៉ាងណាក្តីក៏មានសារព័ត៌មាន អនឡាញមួយចំនួនដែលកំពុងប្រតិបត្តិការក៏ មិនទាន់ បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងកំពុងតែអំពាវនាវថែមទៀតឲ្យពួកគេមកចុះ បញ្ជីស្របច្បាប់ដើម្បីប្រតិបត្តិការ នៅក្រសួងព័ត៌មាន៕
ដោយ ៖ ម៉ាដេប៉ូ