ទ័ពអាមេរិករងការវាយប្រហារនៅអ៊ីរ៉ាក់

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ កាលថ្ងៃអង្គារថា ទាហានអាមេរិក ចំនួន៧នាក់បានរងការវាយប្រហារ ដោយការបាញ់ជ្រួច ចុងក្រោយបង្អស់ នៅអ៊ីរ៉ាក់។ លោកសង្កត់ធ្ងន់ថា អាមេរិកនឹងមិនអត់ឱនចំពោះទង្វើវាយប្រហារណាមួយ មកលើកងទ័ពរបស់ខ្លួន នៅមជ្ឈិមបូព៌ា នោះឡើយ។

ការវាយប្រហារ នៅថ្ងៃច័ន្ទ លើកនេះ គឺជាការវាយប្រហារ ជាលើកទីបី ក្នុងរយៈពេលត្រឹមតែជាងបីសប្តាហ៍ប៉ុណ្ណោះ លើមូលដ្ឋាន Ain al-Assad នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងទទួលកងទ័ពអាមេរិក ក៏ដូចជា ទាហានបរទេសផ្សេងទៀត មកពីក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម។ អាមេរិកនិងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ ដោយបារម្ភខ្លាំង ចំពោះការវាយប្រហារទាំងនេះ។ ប៉ុន្តែទាហានទាំង៧នាក់ មិនប្រឈមនឹងការបាត់បង់ជីវិតទេ ដោយគ្រាន់តែរងរបួស។

ការបាញ់គ្រាប់រ៉ុក្កែត ចុងក្រោយនេះ បានកើតឡើង ស្រពេលនឹងការភ័យខ្លាច កាន់តែខ្លាំងឡើង ដែលថា អាចនឹងមានការវាយប្រហារ ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទៅលើអ៊ីស្រាអែល ជាការសងសឹក ចំពោះការសម្លាប់មេកំពូលក្រុមហាម៉ាស និងក្រុម ហេសបូឡា ថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner