ក្រុមហ៊ុនជប៉ុន បន្តចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន ១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន ។
សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។
សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យ ថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោល នយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវ ទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជា ពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជា ពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ