រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីបងប្អូនបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។
ជាការកត់សម្គាល់ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពិនិត្យលទ្ធភាពដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។
គួរបញ្ជាក់ជូនថា នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន ២០៤៥ហិកតា និងខូចខាត ១៦២១ហិកតា ខណៈក្រុងស្ទឹងសែន រងផលប៉ះពាល់ចំនួន ៦៧០ហិកតា និងខូចខាតចំនួន ៩១ហិកតា ៕
ប្រភព ៖ ក្រសួងកសិកម្ម