ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦
(ប្រទេសឡាវ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាលនិងការគាំពារសុខភាពសង្គម ក្នុងចំណោមវសិ័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ