កូនខ្មែរ ២រូប ប្តេជ្ញាយកពានឱ្យបាន ពីការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី
ថៃ៖ កីឡាករកម្ពុជា២រូប វង្ស គឹមហួត និងហេង បញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថានឹង យកពានឱ្យបានពីការប្រណាំងរថយន្តកម្រិតអាស៊ី ដោយបន្លំជើងខ្លាំងៗមកពី ១០ប្រទេស ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើកការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី (Asia Cross Country Rally 2024) នៅខេត្តសូរ៉ាត់ថានី ប្រទេសថៃ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
អតីតម្ចាស់ពាន class សាំង ឆ្នាំ២០២២ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ រយៈពេលជាង១០ឆ្នាំ ជាអ្នកបើកបរ និងជាជំនួយការអ្នកបើកបរ បានបង្ហាញជំនឿចិត្តខ្ពស់ជាមួយដៃគូរបស់ខ្លួន នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព សហការគ្នាអោយល្អទាំងក្រុម SERVICE និងក្រុមការងារ ដើម្បីស្វែងរកជ័យជំនះជូនកម្ពុជាអោយបាន។
កីឡាករពោពេញអោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី ១០ប្រទេស សុទ្ធសឹងតែខ្លាំង ជាមួយនឹងរថយន្តប្រណាំងថ្មី ហើយខ្លាំងជាងមុន ជាចំណុចដែលយើងត្រូវបង្កើនការប្រុងប្រយ័ត្នលើការបើកបរ ការបង្ហាញផ្លូវ ជាពិសេសគឺម៉ាស៊ីនរថយន្ត ផ្នែកខាងក្រោម និងប្រព័ន្ធសុវត្តិភាព ពីដំណាក់កាលទី១រហូតដល់ដំណាក់កាលចុងក្រោយ។ ហើយការប្រណាំងឆ្នាំ២០២៣កន្លងទៅ យើងមានបញ្ញាម៉ាស៊ីនចូលទឹក ជារឿងមិននឹកស្មានដល់ធ្វើយើងមានបញ្ញាតែមួយដំណាក់កាល គឺដំណាក់កាលទី៥ (DNF) ធ្វើអោយធ្លាក់ចំណាត់ថ្នាក់ និងបញ្ចប់ត្រឹមលេខ១១ ក្នុងចំណោមរថយន្តប្រណាំងសរុប៤១គ្រឿង ។
កីឡាករ វង្ស គឹមហួត អោយដឹងទៀតថា ថ្ងៃនេះមុនពិធីបើកក៏មានការត្រួតពិនិត្យបច្ចេកទេសរថយន្ត ប្រព័ន្ធសុវត្តិភាព និងចែកសៀវភៅបង្ហាញផ្លូវ (Road Book) ប្រជុំបច្ចេកទេសពីលក្ខខន្តិកៈផ្សេងៗជូនកីឡាករប្រណាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់។
ដោយលែកកីឡាករវ័យក្មេង ហេង បញ្ញា បានបញ្ជាក់ថា ឆ្នាំនេះមិនងាយស្រួលទេ ដោយកីឡាករខ្លាំងៗ រថយន្តច្រើនបានចូលរួមលើសពីឆ្នាំមុនៗទៀត។ អញ្ចឹងយើងអាចនិយាយថា ឆ្នាំនេះពិបាកបន្តិច តែយើងនឹងប្រប្រែងអោយអស់ពីសមត្ថភាព។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ ។ សម្រាប់ដំណាក់កាលទី១ គឺប្រណាំងនៅក្នុងខេត្តសូរ៉ាតថានី រីឯដំណាក់កាលទី២ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន ៕
អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ