ប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក គឺល្មើសនឹងច្បាប់

កំពង់ធំ: ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ សមត្ថកិច្ចជំនាញបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់មួយចំនួនធំនិង លែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាមចូលទន្លេវិញ។មន្រ្តីជំនាញដែលចុះអនុវត្តច្បាប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឧបករណ៍ដែលបំផ្លាញចោលគឺជាឧបករណ៍ល្មើសច្បាប់។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ រួមជាមួយមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងសង្កាត់រដ្ឋបាលជលផលពាមបាង និង អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបលោក កើត គា នាយអធិការ កម្លាំងទីបញ្ជាការស្រាលទាំងពីរ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប។
 
ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានធ្វើចាប់ពីចំណុចភូមិបាឡត ចំណុចកំព្រាម ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។ក្នុងសកម្មភាពនេះសមត្ថកិច្ចបានរកឃើញការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ និងបានធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនិងលើសប្រវែងនៅនឹងកន្លែងចំនួនបីករណី រួមមាន របាំងសាច់អួនក្រឡាញឹក ១២កន្លែង ,ឡុកចំនួន២៤ឡុកប្រវែង៤.៥០០ម៉ែត្រ,របាំងសាច់អួនលើសប្រវែង ៣កន្លែង ប្រវែង១២០០ម៉ែត្រ,លូចំនួន៣០មាត់ បង្គោលចម្រឹងចំនួន២.៥០០ដើមនិងលែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាម។

ក្រុមការងារក៏បានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ  ភូមិបាឡត  ឡូត៍លេខ២ព្រែកខ្សាច់ ។នៅទីនោះ មន្ត្រីជំនាញជលផលសំណូមពរដល់បងប្អូនប្រជានេសាទមេត្តាបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុងនិងអួនក្រឡាញឹក  ព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះនវាចាប់ពពួកកូនត្រីដែលទើបនឹងញាស់  នាំឱ្យមហន្តរាយកូនត្រីយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ធនធានត្រីទៅថ្ងៃអនាគតខាងមុខ៕
ដោយ :ប៊ុន រដ្ឋា

ads banner