ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្នុងក្រុងបាត់ដំបងចាប់ឆ្នោតទទួលដីឡូត៍សម្រាប់រស់នៅ
បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៥០ផ្ទះ។ ដើម្បីកែប្រែមុខមាត់ក្រុង និងភាពចាំបាច់ ,រដ្ឋបាលខេត្តបាត់ដំបង មានតែជម្រើសឈ្នះ ឈ្នះ គឺការផ្តល់ទីតាំងថ្មីដ៏សមរម្យសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្តបាត់ដំបង បានដំណើរការដោយតម្លាភាពនូវពិធីចាប់ឆ្នោតដីឡូត៍ពលរដ្ឋចំនួន៥០ឡូត៍ស្ថិតនៅដីសង្គមកិច្ច ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីនិងជាសាក្សីនៅក្នុងពិធីចាប់ឆ្នោតនេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធស្របច្បាប់ ឯកឧត្តមអភិបាលខេត្តបានពន្យល់យ៉ាងក្បោះក្បាយ និងច្បាស់លាស់អំពីផែនការ និងសារប្រយោជន៍សាធារណៈដែលនឹងទទួលបានពីគម្រោងអភិវឌ្ឍន៍នេះ។ ទន្ទឹមនេះឯកឧត្តម សុខ លូ
ក៏បានប្រាប់ដល់ក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវជំរុញការធ្វើផ្លូវបេតុង ,ដាក់អំពូលសូឡាបំភ្លឺផ្លូវនិងរៀបចំតបណ្តាញទឹកភ្លើង ជូនដល់ប្រជាពលរដ្ឋចំនួន៥០ផ្ទះដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេដែលបានទៅតាំងលំនៅថ្មី។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានឱ្យដឹងថា ក្រុងបាត់ដំបងបានទទួលនូវគម្រោងអភិវឌ្ឍន៍នានា ជាច្រើនរួមមាន ការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB,អេឌីប៊ី)អនុវត្ត
ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ ក៏មានការស្តារប្រឡាយមេកំពង់សីមា ការស្ថាបនាច្រាំងស្ទឹងសង្កែ ការពង្រីកផ្លូវជាតិនិងផ្លូវនានាក្នុងក្រុង ដើម្បីលើកសោភណភាពនិងរៀបចំសណ្តាប់ធ្នាប់ទីក្រុងបាត់ដំបងឱ្យប្រែក្លាយជាទីក្រុងប្រកបដោយបរិយាកាសល្អទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនា ,មកស្នាក់នៅ និងអ្នកវិនិយោគ។
លោកអភិបាលក្រុងបានប្រាប់ទូរទស្សន៍អប្សរាថា ទន្ទឹមនឹងការទទួលបានគម្រោងនានាសម្រាប់ការអភិវឌ្ឍ ក៏មានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ ស្មើនឹង៥០ខ្នងផ្ទះ ដែលរស់នៅមិនរៀបរយ លើទីតាំង ដែលទទួលបានគម្រោងអភិវឌ្ឍន៍នានា។លោកបន្តថា ដោយមានការឯកភាពជាគោលការណ៍ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រុមការងារនៃរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលក្រុងបាត់ដំបង បានរៀបចំប្លង់ពុះដីឡូត៍បែងចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅទីតាំងដីសង្គមកិច្ច ស្ថិតក្នុងភូមិឡឥដ្ឋសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយក្នុងមួយខ្នងផ្ទះទទួលបានដីមួយឡូត៍ទំហំ៤គុណនិង៨ម៉ែត្រ។
លោក លាង វាសនា ឱ្យដឹងបន្ថែមថា សង្កាត់ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍រួមមាន សង្កាត់ទួលតាឯក មានចំនួន២៨ខ្នងផ្ទះ, សង្កាត់ព្រែកព្រះស្តេចចំនួនបីខ្នងផ្ទះ,សង្កាត់រតនៈ១២ខ្នងផ្ទះ,សង្កាត់អូរចារមួយខ្នងផ្ទះ និងសង្កាត់ស្វាយប៉ោប្រាំមួយខ្នងផ្ទះ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.