ឯកឧត្តម ឌិត ទីណា៖ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ
(ភ្នំពរញ)៖ ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។
គួរបញ្ជាក់ថាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះធ្វើឡើងក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បញ្ជាក់ក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ឌិត ទីណា បានពន្យល់និងណែនាំដល់ក្រុមការងារធ្វើតេស្តសារធាតុញៀនឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយអនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំស្តីពីគ្រឿងញៀននាថ្មីៗមកនេះបានឱ្យដឹងថា៖ប្រមុខរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ ” សម្អាតចកក្នុងបឹង ” គឺលប់បំបាត់ឱ្យអស់នៅក្នុងសង្គម តាមរយៈ ការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វើតេស្ត ចំនួន ១០០៩៣១នាក់ មានវិជ្ជមាន ៩៨នាក់ ត្រូវបានបណ្តេញចេញពីក្រមខ័ណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់ ៕
ដោយ ៖ ម៉ាដេប៉ូ