ក្រសួងការងារនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រសួងនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដោយក្នុងនោះក៏នឹងមានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ២០២៤ ជាពិេសសក៏មានការដាក់បម្រើសេវាម៉ាស៊ីនឆុងកាហ្វេរ៉ូបូត (Robbot Coffee) ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ២០៖៣០ នាទីយប់។ 

{“ARInfo”:{“IsUseAR”:false},”Version”:”1.0.0″,”MakeupInfo”:{“IsUseMakeup”:false},”FaceliftInfo”:{“IsChangeEyeLift”:false,”IsChangeFacelift”:false,”IsChangePostureLift”:false,”IsChangeNose”:false,”IsChangeFaceChin”:false,”IsChangeMouth”:false,”IsChangeThinFace”:false},”BeautyInfo”:{“IsAIBeauty”:false,”OldBeautyCount”:1,”IsSharpen”:false,”SwitchMedicatedAcne”:false,”IsBrightEyes”:false,”IsOldBeauty”:false,”IsReduceBlackEyes”:false},”HandlerInfo”:{“AppName”:2},”FilterInfo”:{“IsUseFilter”:false}}

ឯកឧត្តមរដ្ឋលេខាធិការកត់សំគាល់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំនេះមានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ២០ ដែលប្រមូលផ្តុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ»ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគុំតន្ត្រី និងការចូលរួមឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ត្រូវបានរៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនិងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស។

ឯកឧត្តម កត្តា អ៊ន អំពាវនាវដល់សាធារណជន យុវជនចូលរួមក្នុងកម្មវិធីដ៏ធំនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) រួមនិងការទទួលទានកាហ្វេ ឆុងដោយម៉ាស៊ីនកាហ្វេរ៉ូបូត (Robbot Coffee) ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរទៀតផង។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា គោលបំណងពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ផ្ដោតលើគោលបំណងសំខាន់ៗដូចជា៖
១. និយោជកធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាព
២. អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីវគ្គអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍជំនាញផ្សេងៗ និងឱកាសអាហារូបករណ៍
៣. សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ អាចទទួលបានព័ត៌មានឱកាសការងារ ប្រឹក្សាយោបល់ និងមគ្គុទ្ទេសក៍អាជីព ការងារ និងវិជ្ជាជីវ: តាមរយ:វេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗផ្សេងៗ ក៍ដូចជានៅតាមបញ្ជរតាំងបង្ហាញរបស់ក្រុមហ៊ុន
៤. ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញក្នុងទីផ្សារការងារ
៥. ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពី ទីតាំងផ្តល់សេវាការងារ និងសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានការិយាល័យផ្តល់សេវារបស់ខ្លួនដោយផ្ទាល់ នៅទីតាំងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner