ថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្អែកនេះ!

បាងកក៖ សភាថៃនឹងជួបប្រជុំគ្នា នៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកា បង្គាប់ឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី Srettha នេះបើតាមកាសែត Bangkok Post។

ផ្អែកតាមប្រភព ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានផ្ញើសេចក្តីជូនដំណឹងដល់សមាជិកសភាទាំងអស់ កាលពីល្ងាចថ្ងៃពុធ អញ្ជើញពួកគេជួបប្រជុំ នៅម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា នេះបើតាមលោក Arpath Sukhanunth អគ្គលេខាធិការសភា។

មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ បាននិយាយថា តំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំង ព្រមទាំង គណៈរដ្ឋមន្ត្រីចាំផ្ទះ សុទ្ធតែបានយល់ស្របថា ការបោះឆ្នោត គួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ប្រភពបន្តថា មេដឹកនាំគណបក្សចម្រុះ នឹងមានការពិភាក្សាផ្ទៃក្នុង លើបេក្ខភាព នៅក្នុងគណបក្ស នាថ្ងៃព្រហស្បតិ៍នេះ។ គួររម្លឹកថា កាលពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកល កាលពីឆ្នាំមុន សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ ក្រៅពីលោក Srettha Thavisin ក៏មានលោកស្រី Paetongtarn Shinawatra ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ដែលក្លាយជានាយករដ្ឋមន្រ្តីចាំផ្ទះ គឺ លោក Phumtham Wechayachai ក៏ត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចាំផ្ទះ នៅម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីរបៀបបន្តដឹកនាំ ក្នុងរយៈពេលខ្លី នេះបើតាម កាសែត Bangkok Post ដដែល។

ក្រោយដឹងថា អស់តំណែងភ្លាមៗ លោក Srettha បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគោរព សាលក្រម។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលខ្ញុំបានកាន់តួនាទីមួយនេះ ដោយបានព្យាយាមជាមួយនឹងចេតនាល្អ ដើម្បីដឹកនាំប្រទេស ប្រកបដោយភាពស្មោះត្រង់» នេះបើតាម AFP៕

ប្រភពពី Bangkok Post និង AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner