កម្ពុជា និងអារ៉ាប៊ីសាអូឌូត ពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសម្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌូតប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ ក្នុងគោលបំណងស្វែងរកមធ្យោបាយ និងវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងព្រះរាជាណាចក្រទាំងពីរ ។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ ៕
ដោយ ៖ សួង ពិសិដ្ឋ