មន្ត្រី គ្រូបង្វឹក អត្តពលិកពិការ ៣៥នាក់ទទួលការ បណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ

ផ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែសីហាដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ជូនដល់ មន្ត្រី គ្រូបង្វឹក អត្តពលិកពិការ ព្រមទាំងអ្នកស្នេហាវិស័យកីឡាអុកអន្ដរជាតិ សរុប ចំនួន៣៥ នាក់ នៅ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល នាព្រឹកថ្ងៃទី១៤ ខែសីហា ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា គឺជាវគ្គ ដ៏សំខាន់មួយ ក្នុងការផ្តល់ចំណេះដឹងជូនដល់ មន្ត្រី គ្រូបង្វឹក និង អត្តពលិកពិការ យល់ដឹងពីច្បាប់ និង បច្ចេក ទេស នៃកីឡាអុកអន្ដរជាតិ ។

ឯកឧត្តមបញ្ជាក់ថា នេះជាលើកទី១ ដែលគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំវគ្គនេះឡើង ដើម្បីលើកកំពស់ការយល់ដឹងអំពីច្បាប់ បច្ចេកទេសនៃការប្រកួត សំដៅបង្កើនធនធាន មន្ដ្រីបច្ចេកទេស បានកាន់តែច្រើនដើម្បីរួមគ្នាក្នុងការអភិវឌ្ឍ វិស័យកីឡាអុកអន្ដរជាតិនេះ ឲ្យមានការរីកចំរើន ឈានទៅ ដណ្ដើមមេដាយ ពីការប្រកួតកំរិតអន្ដរជាតិ មកជូនជាតិ ពិសេសក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម​លើកទី១៣ ឆ្នាំ២០២៥នៅប្រទេសថៃ ។

ឯកឧត្តម យី វាសនា បានលើកឡើងថា កម្ពុជា មិនទទួលបានមេដាយ នៅក្នុងព្រឹត្តិការ អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ទេប៉ុន្ដែគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​វិនិយោគ​កីឡាប្រភេទនេះកាន់តែខ្លាំងឡើង។ តាមរយៈនេះដោយ មានការឧបត្ថម្ភគាំទ្រយ៉ាង​ខ្លាំងក្លា ពីសម្ដេចតេជោប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង សម្ដេច​មហាបវរធិបតីហ៊ុនម៉ាណែត ប្រធានកិត្តិយសផងនោះ ឯកឧត្តម រំពឹងថា ក្នុងព្រឹត្តិ ការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១៣នៅប្រទេសថៃ លើប្រភេទកីឡាអុកអន្ដរជាតិនេះ អត្តពលិកពិការកម្ពុជា នឹងអាចរកបានមេដាយប្រាក់ នឹង ឈានទៅមេដាយមាសទៀតក៏ថាបាន ។

ឯកឧត្តមអគ្គលេខាធិការ បានផ្ដាំផ្ញើដល់សិក្សាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង ព្យាយាម តស៊ូ អំណត់ ក្រេបយកចំណេះដឹងពីវគ្គនេះ ឲ្យបានគ្រប់ជ្រុងជ្រោយ ។ យកចិត្តទុកដាក់ ស្ដាប់គ្រូពន្យល់ កុំឲ្យពេលវេលានៃការសិក្សានេះកន្លងទៅដោយ​ឥតប្រយោជន៍ ។ ត្រូវកត់ត្រា និង ថតទុកនូវចំណុចសំខាន់ៗ ទុកជាឯកសារ​សម្រាប់ថ្ងៃក្រោយ ។ ឯកឧត្តមបន្ថែមថា ចេះអ្វីក៏ដោយ ជំនាញអ្វីក៏ដោយ សុទ្ធតែមានតម្លៃទាំងអស់ អ្នកមានជំនាញច្បាស់លាស់ទៅដល់កន្លែង​ណាក៏មិនចេះអត់ការងារធ្វើដែរ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិនេះ រៀបចំឡើង ដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មាន រយៈពេល៥ថ្ងៃ មានសិក្ខាកាមចូលរួម ៣៥នាក់ ដោយ បានអញ្ជើញ គ្រូឧទ្ទេសចំនួន៦រូប មកធ្វើបទបង្ហាញក្នុងវគ្គនេះ ក្នុងនោះមានគ្រូឧទ្ទេសកម្ពុជា៣ រូប និង ៣រូបទៀត ជាគ្រូបរទេស មកពី ហ្វីលីពីន និង ឥណ្ឌូណេស៊ី ៕

អត្ថបទ-រូបភាព ចាន់ វិចិត្រ – មឿង ចំរ៉ុង

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner