កូរ៉េខាងជើងបើកព្រំដែនទទួលទេសចរបរទេសឡើងវិញ ក្រោយបិទអស់៥ឆ្នាំ
ព្យុងយ៉ាង៖ ៥ឆ្នាំក្រោយពីបិទខ្ទប់មិនឲ្យភ្ញៀវបរទេសចេញចូលដោយសារកូវីត១៩ផង និងភាពចម្រូងចម្រាស់ក្នុងតំបន់ផង នៅពេលនេះប្រទេសកូរ៉េខាងជើងសម្រេចថានឹងបើកព្រំដែនទទួលទេសចរបរទេសឡើងវិញ ចាប់ខែធ្នូចុងឆ្នាំនេះតទៅ។
យ៉ាងហោចណាស់ប្រតិបត្តិករទេសចរណ៍ចំនួន២ ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសថា នឹងនាំក្រុមភ្ញៀវទេសចរទៅទស្សនាទីក្រុង Samjiyon នាពេលខាងមុខនេះ។
ទោះយ៉ាងណាការបើកចំហលើកនេះមិនមែនទូទាំងប្រទេសនោះទេ។ កូរ៉េខាងជើងនឹងសាកល្បងជាមួយទីក្រុង Samjiyon ដែលជាទីក្រុងមួយនៅជិតព្រំដែនចិន និង ជាគំរូទីក្រុងភ្នំដ៏ស៊ីវិល័យ។ ទីក្រុងនេះមាន អាគារអាផាតមិន សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងមណ្ឌលវេជ្ជសាស្ត្រថ្មីៗជាច្រើន ដែលកូរ៉េខាងជើងចង់អួតបង្ហាញ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការរដ្ឋាភិបាលរបស់លោក គឺធ្វើឱ្យទេសចរណ៍អន្តរជាតិមានភាពរស់រវើកឡើងវិញ ដែលនឹងផ្តោតលើភ្ញៀវទេសចរមកពីប្រទេស “មិត្តភាព”។
ប៉ុន្តែ លោក គីម មិនទាន់បញ្ជាក់ច្បាស់នៅឡើយថា ការបើកព្រំដែននេះសម្រាប់តែចិន ឬក៏សម្រាប់គ្រប់ជាតិសាសន៍។ ចាប់តាំងពីដើមឆ្នាំ ២០២៤មក កូរ៉េខាងជើងបានអនុញ្ញាតឲ្យអ្នកទេសចររុស្ស៊ីចូលប្រទេសខ្លួនតែប៉ុណ្ណោះ ដោយយោងលើទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា