វិបត្តិសេដ្ឋកិច្ចជំរុញពលរដ្ឋនូវែលសេឡង់សម្រុកចេញពីប្រទេស
វែលីនតុន៖ ស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រជាជនកាន់តែច្រើនឡើងៗ កំពុងចាកចេញពីប្រទេសនូវែលសេឡង់ រហូតដល់ចំនួនកំណត់ត្រា ខណៈដែលអត្រាគ្មានការងារធ្វើកើនឡើង អត្រាការប្រាក់នៅតែខ្ពស់ ហើយកំណើនសេដ្ឋកិច្ចមានភាពទន់ខ្សោយ។
ទិន្នន័យដែលបានចេញផ្សាយដោយស្ថិតិនូវែលសេឡង់ កាលពីថ្ងៃអង្គារ បានបង្ហាញថា មនុស្ស ១៣១.២០០នាក់បានចាកចេញពីប្រទេសនូវែលសេឡង់ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រា។ ក្នុងនោះប្រហែលមួយភាគបី បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
មូលហេតុដែលនាំឱ្យប្រជាជនចាកចេញពីនូវែលសេឡង់ ត្រូវបានសេដ្ឋវិទូនិយាយថា គឺមកពីពលរដ្ឋនូវែលសេឡង់ខកចិត្តនឹងតម្លៃនៃការរស់នៅ, អត្រាការប្រាក់ខ្ពស់ និងឱកាសការងារតិចជាងមុន ទើបពួកគេកំពុងសម្លឹងមើលការចាប់ផ្តើមជីវិតថ្មីទៅកាន់ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងបណ្តាប្រទេសផ្សេងៗទៀត។
សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់កំពុងជួបវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីធនាគារកណ្តាលបានដំឡើងអត្រាសាច់ប្រាក់ដល់ ៥២១ពិន្ទុជាមូលដ្ឋាន ខណៈតួលេខនេះខ្ពស់បំផុតចាប់តាំងពីអត្រាសាច់ប្រាក់ជាផ្លូវការត្រូវបានកត់ត្រាក្នុងឆ្នាំ១៩៩៩៕ ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា