ទីបំផុត! អុតស្វាក្លាយជាជំងឺអាសន្នសាកល
បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសថា ការកើនឡើងខ្លាំង នៃជំងឺអុតស្វា ឬ Mpox នៅក្នុងទ្វីបអាហ្រ្វិក នាពេលបច្ចុប្បន្ន បាននាំឲ្យវាក្លាយជាគ្រាអាសន្ន ផ្នែកសុខភាព សាធារណៈសកល ខណៈដែលស្ថានភាព កាន់តែអាក្រក់ទៅៗ។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅប្រទេសស្វីស កាលពីថ្ងៃពុធ លោក Tedros Adhanom ប្រធាន WHO បានប្រកាសថា «ថ្ងៃនេះ គណៈកម្មាធិការសង្គ្រោះបន្ទាន់ បានជួបនិងណែនាំខ្ញុំថា តាមទស្សនៈពួកគេ ស្ថានភាពនេះ បង្កើតបានជាភាពអាសន្ន ផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភ ជាលក្ខណៈអន្តរជាតិ»។ លោកអះអាងថា លោកបានទទួល ការណែនាំនេះ ក្នុងការដាក់ជំងឺ អុតស្វា ក្លាយជាភាពអាសន្ន ផ្នែកសុខភាពសាធារណៈ។
មនុស្សជាង៥០០នាក់ហើយបានស្លាប់ និងមានការឆ្លងសរុប ជាង១៤០០០ករណី ទូទាំងពិភពលោក នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក កាលពីដើមសប្តាហ៍នេះ។ CDC អាហ្វ្រិកបានបន្តថា គ្រាន់តែតំបន់អាហ្វ្រិកមួយ មានឆ្លងជំងឺនេះ ចំនួន១៣ប្រទេស។
Mpox ភាគច្រើនឆ្លង តាមរយៈការប្រាស្រ័យទំនាក់ទំនងជិតស្និទ្ធ រួមទាំង តាមរយៈការរួមភេទ ផងដែរ។ រោគសញ្ញា មានដូចជា ដំបៅលើទ្រូង ដៃ និងជើង ឬ ប្រដាប់ភេទ ជាដើម។ មុនពេលផ្ទុះ កាលពីឆ្នាំ ២០២២ ជំងឺនេះភាគច្រើន មាននៅអាហ្រ្វិកកណ្តាល និងខាងលិច ដោយពេលនោះ គេជឿថា មនុស្សមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសត្វព្រៃ ដែលមានមេរោគនេះ។ ប្រទេសលោកខាងលិច បានបិទការរីករាលដាល អំឡុងពេលផ្ទុះ ដោយមានជំនួយពីវ៉ាក់សាំងបង្កា និងការព្យាបាល ប៉ុន្តែ របៀបទប់ស្កាត់បែបនេះ មានតិចតួចបំផុត នៅក្នុងទ្វីបអាហ្រ្វិក នេះបើតាម AP៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត