អ៊ីស្រាអែល វាយប្រហារលីបង់ ភាគខាងត្បូង
បរទេស៖ ក្រសួងសុខាភិបាល នៃប្រទេសលីបង់ បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ Drone របស់អ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ នៅភាគខាងត្បូង កាលពីថ្ងៃពុធ។ ក្រុម ហេសបូឡាស បានប្រកាសពីការស្លាប់អ្នកប្រយុទ្ធរបស់គេ ចំនួនពីរនាក់ ហើយចាត់ទុកថា ជាអំពើហិង្សាឆ្លងព្រំដែនក្រោយបំផុត ចំពេលមានការភ័យខ្លាច នៃសង្គ្រាមក្នុងតំបន់ ពេញទំហឹង។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារនេះ បង្កឡើងដោយ សត្រូវអ៊ីស្រាអែល» ទៅលើទីក្រុង Marjayoun។ ក្រៅពីស្លាប់ ក៏មានមនុស្សរបួស ៩នាក់ ផ្សេងទៀត។
យោធាអ៊ីស្រាអែល បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារ លើរចនាសម្ព័ន្ធយោធា របស់ Hezbollah។ ក្រោយមក ប្រភពបានបន្ថែមថា យន្តហោះអ៊ីស្រាអែល បានកម្ចាត់ភេរវករ Hezbollah ពីរនាក់ នៅក្នុងតំបន់ Marjayoun។
ការវាយប្រហារនេះ បានកើតមានឡើង ក្នុងពេលដែល អ៊ីរ៉ង់ និងហេសបូឡាស បានប្តេជ្ញាសងសឹក អ៊ីស្រអែល ចំពោះការសម្លាប់មេដឹកនាំហាម៉ាស់ និងមន្ត្រីជាន់ខ្ពស់ ហេសបូឡាស នាពេលថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត