ផ្សារហ៊ុនថៃធ្លាក់ចុះ សេដ្ឋកិច្ចស្រពិចស្រពិល ក្រោយតុលាការដកតំណែងនាយករដ្ឋមន្រ្តី
បាងកក៖ ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ហាក់ស្រពិចស្រពិល បន្ទាប់ពីលោក សេដ្ឋា ត្រូវបានតុលាការធម្មនុញ្ញ ដកចេញពីតំណែងនាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធសប្តាហ៍នេះ។ មូលហេតុគឺដោយសារតែលោកបានបំពានក្រមសីលធម៌ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ការដកតំណែងភ្លាមៗដោយមិនគ្រោងទុកនេះ ត្រូវសារព័ត៌មានថៃរាយការណ៍ថា កំពុងជះឥទ្ធិពលដល់គម្រោងវិនិយោគសំខាន់ៗមួយចំនួនដែលមានឥទ្ធិពលអាចបត់ក្បាលសេដ្ឋកិច្ចថៃ។ ក្នុងនោះរួមទាំង
គម្រោងកាបូបឌីជីថលដ៏ល្បីដែលរំពឹងថា នឹងចាក់បញ្ចូលសាច់ប្រាក់ប្រហែល ១២ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច។ គម្រោងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងបង្កើនកំណើនសេដ្ឋកិច្ចថៃ ពី១.២ ទៅ១.៨ភាគរយ
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា អ្នកវិនិយោគមួយចំនួនដែលពន្យារពេលវិនិយោគលើគម្រោងថ្មី អាចនឹងសម្រេចចិត្តមិនពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសថៃ។ លោកបន្ថែមថា វាពិតជាអាចទៅរួច អ្នកវិនិយោគទាំងនេះនឹងផ្លាស់ប្តូរផែនការវិនិយោគទៅប្រទេសជិតខាង។ ចំណែកអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចឯករាជ្យថៃ លោក Somjai Phagaphasvivat បាននិយាយថា ការដកតំណែងលោក សេដ្ឋថា ទំនងជាជះឥទ្ធិពលលើផ្សារហ៊ុនថៃ ហើយអាចបណ្តាលឱ្យអ្នកវិនិយោគបរទេសពន្យារពេលវិនិយោគនៅក្នុងប្រទេសថៃ។
បើតាមកាសែតបាងកកប៉ុស្តិ៍ សន្ទស្សន៍ផ្សារហ៊ុនថៃ (SET) បានធ្លាក់ចុះ ១.៣ភាគរយ នៅក្នុងការជួញដូរនាពេលរសៀលថ្ងៃពុធក្រោយពីមានដំណឹងដកនាយករដ្ឋមន្ត្រីផ្ទុះឡើង។ ចំណែកការលក់រាយវិញមិនទាន់ មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ទេ។ យោងតាមក្រុមហ៊ុន Krungsri Research បានឱ្យដឹងថា អាជីវកម្មលក់រាយនៅក្នុងប្រទេសថៃ ត្រូវបានរំពឹងថា នឹងមានអត្រាកំណើនប្រចាំឆ្នាំពី ៥ ទៅ ៥.៥ភាគរយនៅចន្លោះឆ្នាំ ២០២៤ និង ២០២៦។
ដោយឡែក តម្លៃមាសនៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហានេះ ១ តម្លឹងស្មើនឹង ១,១៦៣ដុល្លារ ដែលជាតម្លៃនឹងនរមួយ។ មាសនៅប្រទេសថៃជាប្រភេទមាសដែលមានតម្លៃធូរថ្លៃជាងមាសនៅប្រទេសផ្សេងៗក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand៕ ប្រភព៖ បាងកកប៉ុស្តិ ប្រែសម្រួលដោយ៖ ឈឹម ទីណា