ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងកូនស្រីពៅលោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីជាផ្លូវការ

បាងកក៖ ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn នៅថ្ងៃទី១៨ ខែសីហានេះ បានសម្រេចតែងតាំងកូនស្រីពៅ មានវ័យ ៣៧ឆ្នាំ របស់អតីតមហាសេដ្ឋីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃជាផ្លូវការ។

ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn នៅថ្ងៃអាទិត្យនេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី ថែថោងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង។

អ្នកស្រី ថែថោងថាន បានទទួលព្រះរាជក្រឹត្យជាលាយលក្ខណ៍អក្សរជាផ្លូវការរបស់ព្រះមហាក្សត្រ ព្រះបាទ Maha Vajiralongkorn ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅក្នុងពិធីមួយនៅឯទីស្នាក់ការកណ្តាលរបស់អតីតស្ថានីយ៍ទូរទស្សន៍ ដែលគាំទ្រលោក ថាក់ស៊ីន ក្នុងទីក្រុងបាងកក បន្ទាប់ពីម៉ោង ៩និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះ។

បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យ អ្នកស្រី ថែថោងថាន បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ។ នៅក្នុងសុន្ទរកថា អ្នកស្រី ថែថោងថាន បានប្តេជ្ញាថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល អ្នកស្រីនឹងបំពេញភារកិច្ចរបស់ខ្លួន រួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។ អ្នកស្រីនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព។

អ្នកស្រី ថែថោងថាន បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។ ហើយការតែងតាំងនេះកើតឡើងបន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner