មេបញ្ជាការសឹករងខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមចេញអន្តរាគមន៍ លើ២៤ម៉ោង ចំពោះជនទាំងឡាយណា ដែលហ៊ានបំផ្លាញសន្តិភាព
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានផ្សព្វផ្សាយបទបញ្ជាឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវលះបង់គ្រប់បែបយ៉ាង ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានសេចក្តីសុខសាន្ត របស់ប្រជាជន រក្សាការពារឲ្យបានសន្តិភាព ដែលកំពុងដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថាជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនដែលមិនយល់ពីការពិត ទោះបីមានការពន្យល់ណែនាំការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួន សម្ភារៈប្រើប្រាស់ គ្រឿងបំពាក់ និងបណ្ដាកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីត្រៀមចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងភារកិច្ច ការពារសន្តិភាពឱ្យបានជាដាច់ខាត ៕
ដោយៈ ប៊ុន រដ្ឋា