លោក ពូទីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់រដ្ឋធានីបាគូ របស់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសអាស៊ែបៃហ្សង់ ដែលជាដៃគូជិតស្និទ្ធរបស់ទីក្រុងមូស្គូ ហើយក៏ជាប្រទេសផ្គត់ផ្គង់ថាមពលដ៏សំខាន់ដល់បណ្តាប្រទេសលោកខាងលិចផងដែរ។

វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ស្តីពីទំនាក់ទំនងទ្វេភាគី និង បញ្ហាអន្តរជាតិ និងតំបន់។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti បានបញ្ជាក់ថា នៅថ្ងៃចន្ទនេះ លោក អាលីយ៉េវ និងលោក ពូទីន នឹងចុះហត្ថលេខាលើឯកសាររួម ហើយធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មាន។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ដែរថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីការដោះស្រាយជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី ផងដែរ។

សូមរម្លឹកថា ដំណើរ ទស្សនកិច្ច ចុង ក្រោយ របស់ លោក ពូទីន ទៅ ប្រទេស អាស៊ែបៃហ្សង់ គឺ ក្នុង ខែ កញ្ញា ឆ្នាំ ២០១៨។ អាស៊ែបៃហ្សង់ គឺជាប្រទេសផលិតឧស្ម័នធម្មជាតិដ៏សំខាន់សម្រាប់អឺរ៉ុប ស្របពេលដែលបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន បានកាត់បន្ថយយ៉ាងខ្លាំងលើការទិញថាមពលពីរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព : AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner