អង្គការសហប្រជាជាតិព្រមានពីកង្វះអាហារូបត្ថម្ភកុមារនៅយេម៉ែន

ឌូបៃ៖ ក្រុមការងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានព្រមានពីការកើនឡើងកង្វះអាហារូបត្ថម្ភរបស់កុមារ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន។

អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយថា ចំនួនកុមារមានអាយុក្រោម ៥ឆ្នាំ ដែលប្រឈមមុខនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើងចំនួន ៣៤ភាគរយនៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន។ ទីភ្នាក់ងារ UNICEF បន្ថែមថា ការកើនឡើងខ្លាំងនេះ ជំរុញដោយការផ្ទុះជំងឺរាតត្បាតមួយចំនួន មានដូចជាជំងឺអាសន្នរោគ និងជំងឺកញ្ជ្រិល គួបផ្សំនឹងអសន្តិសុខស្បៀងអាហារ កង្វះទឹកស្អាតប្រើប្រាស់ និងវិបត្តិសេដ្ឋកិច្ច។

យោងតាមទិន្នន័យនៃកម្មវិធីគំនិតផ្ដួចផ្ដើមសុវត្ថិភាពស្បៀងអាហារ (IPC) បានឱ្យដឹងថា តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចំនួន១១៧ ត្រូវបានរំពឹងថា នឹងជួបប្រទះនូវកង្វះអាហារូបត្ថម្ភកម្រិតខ្ពស់ នៅចន្លោះខែកក្កដា ដល់ខែតុលាឆ្នាំនេះ។ ក្នុងនោះតំបន់មួយចំនួន ត្រូវបានចាត់ថ្នាក់ថា មានកង្វះអាហារូបត្ថម្ភកម្រិត “ធ្ងន់ធ្ងរខ្លាំង” ដែលជាចំណាត់ថ្នាក់ធ្ងន់ធ្ងរបំផុត ជាមួយនឹងអត្រាប្រេវ៉ាឡង់លើសពី ៣០ភាគរយជាលើកដំបូង។

តំណាងអង្គការ Unicef ប្រចាំប្រទេសយេម៉ែន លោក Peter Hawkins បានព្រមានថា វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនការគាំទ្រដល់ជនងាយរងគ្រោះបំផុត ពីវិបត្តិអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។ បើតាមរបាយការណ៍ ចំនួនកុមារនៅយេម៉ែន មានអាយុក្រោម ៥ឆ្នាំដែលទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើង ៣៤ភាគរយនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន នៅទូទាំងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ តួលេខនេះស្មើនឹងចំនួនកុមារប្រហែល ៦០០.០០០នាក់ រួមទាំង ១២០.០០០នាក់ ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner