កំពូលតារាសម្តែងបារាំង លោក អាឡាំង ដឺឡុង ទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ

ប៉ារីស ៖ កំពូលតារាសម្តែង និងជាផលិតករជនជាតិបារាំង លោក អាឡាំង ដឺឡុង ដែលកម្ពុជាធ្លាប់ឃើញក្នុងពាណិជ្ជកម្មនៅទសវត្សឆ្នាំ ១៩៩០ និងជានិមិត្តរូបវិស័យភាពយន្តរបស់ប្រទេសបារាំង បានទទួលមរណភាពហើយក្នុងវ័យ៨៨ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនៗគាត់ផ្ទាល់ កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤។

កូនៗរបស់លោក អាឡាំង ដឺឡុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតបារាំង AFP ថា ឪពុករបស់ពួកគេបានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយសារជរាពាធនៅក្នុងគេហដ្ឋានលោក ស្ថិតក្នុងទីក្រុង Douchy ដោយមានកូនប្រុស២នាក់ កូនស្រីម្នាក់ និងសាច់ញាតិលោកនៅក្បែរ មុនពេលគាត់លាចាកលោក។ លោក អាឡាំង ដឺឡុង គឺជាតារាសម្តែងនៅក្នុងយុគមាសនៃភាពយន្តបារាំង ដែលមិនត្រឹមតែទទួលស្គាល់ដោយប្រជាជាតិបារាំងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកតែម្តង។

ដោយត្រូវបានពិពណ៌នាថា ជាបុរសដ៏សង្ហាបំផុតនៅក្នុងខ្សែភាពយន្ត លោក អាឡាំង ដឺឡុង បានសម្តែងក្នុងរឿងល្បីៗចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ រួមមានទាំងរឿង The Leopard និងរឿង Rocco and His Brothers។ ប៉ុន្តែទោះយ៉ាងណា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ការបង្ហាញវត្តមានរបស់លោកនៅក្នុងខ្សែភាពយន្ត គឺកម្រមានខ្លាំងណាស់។

សរុបមក ពេញមួយអាជីពសិល្បៈរបស់លោក អាឡាំង ដឺឡុង បានសម្តែងក្នុងខ្សែភាពយន្តជាង៩០រឿង។ តាមរយៈការសម្តែងដ៏ប៉ិនប្រសប់ និងរស់រវើករបស់លោកនៅក្នុងខ្សែភាពយន្តជាច្រើន ក្នុងនោះខ្សែភាពយន្ត Le Samourai នៅក្នុងឆ្នាំ១៩៦៧ និង Borsalino នៅក្នុងឆ្នាំ១៩៧០ គឺជាខ្សែភាពយន្តល្បីល្បាញខ្លាំងបំផុត។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក អាឡាំង ដឺឡុង នៅក្នុងកម្មវិធីទទួលបានពានរង្វាន់កិត្តិយស Palme d’or នៅមហោស្រពភាពយន្ត Cannes កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។ នាឱកាសនោះ លោកបានថ្លែងសុន្ទរកថាទាំងរំជួលចិត្ត ដើម្បីលាវិស័យភាពយន្ត៕ ប្រភព៖ AFP និង The New York Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner