ចិនបញ្ចេញមនុស្សយន្តប្រជែងជាមួយ Tesla

ប៉េកាំង : ក្រុមហ៊ុនចិន Agibot ដែលទើបបើកអាជីវកម្មផលិតមនុស្សយន្ត មានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញប្រភេទមនុស្សយន្តជំនាន់ថ្មី ក្នុងគោលបំណងប្រជែងជាមួយមនុស្សយន្ត Optimus របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។

បង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Agibot មានជំនាញអភិវឌ្ឍផលិតផលបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ មនុស្សយន្តថ្មីចំនួន៥ របស់ Agibot រួមមានទាំងមនុស្សយន្តជើងពីរដូចមនុស្ស និងមនុស្សយន្តមានកង់វិល ត្រូវបានរចនាឡើងដើម្បីជួយកិច្ចការផ្សេងៗ រាប់ចាប់ពីការងារផ្ទះរហូតដល់សកម្មភាពឧស្សាហកម្ម។

មនុស្សយន្តដែលមានជើងពីរដូចមនុស្សដ៏ល្បីរបស់ Agibot មានឈ្មោះថា Yuanzheng A2។ មនុស្សយន្តនេះមានកម្ពស់ ១៧៥សង់ទីម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាផ្សេងៗ និងបញ្ញាសិប្បនិម្មិត (AI)។ ការបំពាក់បច្ចេកវិទ្យាទាំងនេះ អនុញ្ញាតឱ្យមនុស្សយន្តនេះអាចមើលឃើញ លឺសំឡេង និងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព អត្ថបទ និងសំឡេង។

ក្រុមហ៊ុន Agibot គ្រោងចែកចាយមនុស្សយន្តទាំងនេះនៅក្នុងខែតុលា ជាមួយនឹងគោលដៅចែកចាយមនុស្សយន្តសរុបចំនួន ៣០០គ្រឿងនៅត្រឹមចុងឆ្នាំ២០២៤ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃរបស់មនុស្សយន្តនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក Jiang Qingsong អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Agibot។

យោងតាមរបាយការណ៍កាលពីខែមេសា របស់មជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ Think Tank ដែលគាំទ្រដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មព័ត៌មានរបស់រដ្ឋាភិបាលចិន បានឱ្យដឹងថា ឧស្សាហកម្មមនុស្សយន្តរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃជាង ២.៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៦ កើនឡើងខ្លាំង បើធៀបនឹងឆ្នាំ ២០២៣ មានតែជាង ៥៤៦លានដុល្លារប៉ុណ្ណោះ៕ ប្រភព៖ SCMP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner