សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជំរុញឱ្យបង្កើតសមាគម មនុស្សចាស់បន្ថែម តាមសហគមន៍មូលដ្ឋានទូទាំងប្រទេស

(ភ្នំពេញ)៖ តាមរយៈសារាចរ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ ជំរុញ សកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទេស ស្របតាមផែនការ ដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាព ជួយគា្ន ទៅវិញទៅមក រវាងមនុស្សវ័យចាស់ទូទៅ ។ ជាពិសេស យកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍ សមាគមមនុស្សចាស់ដែលមានស្រាប់ ។

សម្ដេចធិបតី ក៏បានបន្តណែនាំបន្ថែម ដល់គ្រប់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិកម្ពុជា ដើម្បី មនុស្សចាស់ ត្រូវរៀបចំបង្កើតក្រុមការងារទទួលបន្ទុកការងារ មនុស្សចាស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់២០១៧-២០៣០។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយ មនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភ តាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាព ជាពលរដ្ឋឌីជីថល សម្រាប់មនុស្សចាស់ និងជនងាយរងគ្រោះដទៃទៀត។ ដោយឡែកក្រសួងសុខាភិបាល ត្រូវចុះសំណេះសំណាល ជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដើម្បីណែនាំ អំពីវិធានសុខាភិបាល ដល់មនុស្សវ័យចាស់ ។

ទន្ទឹមគ្នា សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបន្តណែនាំដល់ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំ ដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ។

សម្ដេចក៏បានណែនាំដល់ក្រសួងធម្មការ និងសាសនា ត្រូវណែនាំចលនានៅតាមវត្តអារាម វិហារសាសនា ទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមាន សកម្មភាព ជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សចាស់ ២០២១៧-២០៣០ ដើម្បឱ្យអ្នកទាំងនោះ អាចស្នាក់នៅសមរម្យ មានអាហារទទួលទាន សម្រាន្តលក់ស្ងប់អារម្មណ៍ ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner