ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅថៃ ផ្តាច់ជីវិតមនុស្ស ២២នាក់ និង ៣ម៉ឺនគ្រួសាររងផលប៉ះពាល់

បាងកក៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ បានឆក់យកអាយុជីវិតមនុស្សប្រមាណ ២២នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថៃ បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ភ្លាមៗក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបណ្តាលមកពីភ្លៀងមូសុងបានសម្លាប់ជីវិតមនុស្សចំនួន ២២នាក់ និងបានព្រមានអំពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីមនុស្សស្លាប់ ក៏មានជនរងគ្រោះ ១៩នាក់ផ្សេងទៀត រងរបួស និងជាង ៣០,០០០គ្រួសារបានរងផលប៉ះពាល់នៅក្នុងខេត្តចំនួន១៣ នៅភាគខាងជើង និងភាគខាងត្បូងក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ។

នាយកដ្ឋាននេះក៏បានបញ្ជាក់ដែរថា ខេត្តចំនួន៣១ នៅភាគខាងជើង និងឦសាននៃប្រទេសថៃ ប្រឈមនឹងគ្រោះទឹកជំនន់ដែលអាចកើតមានរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានបានបញ្ជាឱ្យអាជ្ញាធរក្នុងតំបន់តាមដានអាកាសធាតុយ៉ាងជិតស្និទ្ធ ហើយថា ប្រជាជនក៏គួរតែបង្កើនការប្រុងប្រយ័ត្ន ស្របតាមការព្យាករណ៍អាកាសធាតុ និងការព្រមានដោយយកចិត្តទុកដាក់។

ស្របពេលដែលប្រទេសថៃជួបប្រទះនឹងភ្លៀងមូសុងប្រចាំឆ្នាំ ការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាន់តែច្រើន និងញឹកញាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner