Donald Trump ត្រូវបានគំរាមសម្លាប់

បរទេស៖ ក្រោយពេលជួបហេតុការណ៍ ត្រូវបានគេប៉ុនប៉ងផ្តាច់ជីវិត កាលពីខែមុន បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump នាពេលថ្មីៗនេះ ត្រូវបានគេគំរាមសម្លាប់ ថែមទៀត ដោយអ្នកប៉ុនប៉ងធ្វើឃាត គឺជាបុរសម្នាក់ រស់នៅក្នុងរដ្ឋ Arizona។

ការិយាល័យតម្រួតតំបន់ Cochise នៃរដ្ឋ Arizona បាននិយាយថា បុរសឈ្មោះ Ronald Syvrud អាយុ ៦៦ឆ្នាំ រូបនេះ បានបង្ហោះសារគំរាមកំហែង សម្លាប់លោក Trump តាមប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន។ ជាការគំរាម ក្នុងពេលដែលលោក Trump កំពុងស្ថិតនៅក្នុងតំបន់ Cochise ដែលជាទស្សនកិច្ច «យុទ្ធនាការឃោសនា» នៅចំណុចព្រំដែនរវាង សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។

គួរកត់សម្គាល់ថា កន្លងមកនេះ លោក Donald Trump ធ្លាប់បានគំរាមថា បើលោកជាប់ឆ្នោតជាថ្មី លោកនឹងដាក់ចេញវិធានការនិរទេស ឬ បណ្តេញក្រុមអន្តោប្រវេស ទ្រង់ទ្រាយធំ ជាប្រវត្ថិសាស្ត្រ ដោយលោកបានចាត់ទុកពួកគេថា អាចភេរវករ ដែលចូលមកទឹកដីអាមេរិក តាមព្រំដែនម៉ិកស៊ិក។

ជុំវិញការគំរាមសម្លាប់នេះដែរ លោក Donald Trump បានឆ្លើយតបភ្លាមៗថា «ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ហើយមូលហេតុ គឺដោយសារតែខ្ញុំចង់ធ្វើរឿងមិនល្អ ឲ្យប៉ះពាល់ ដល់មនុស្សអាក្រក់»។

យ៉ាងណាក៏ដោយ បុរសរូបនេះ ត្រូវបានចាប់ខ្លួន តាមដីកា នេះបើតាមការិយាល័យតម្រួតតំបន់ Cochise។

រឿងហេតុគំរាមសម្លាប់នេះបានកើតឡើង ក្រោយពេលដែល លោក Trump ត្រូវបានគេបាញ់ចំស្លឹកត្រចៀក នៅក្នុងការជួបជុំអ្នកគាំទ្រ នៅរដ្ឋ Pennsylvania កាលពីពាក់កណ្តាលខែកក្កដា៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner