ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ កម្ពុជា មានចំណាត់ថ្នាក់លើគេនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងបំបាត់អេដស៍ លើសពី ៨៦%

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយក្រុមប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល នាថ្ងៃទី២៨ ខែសីហា ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា កម្ពុជា មានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦%។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជា បានជោគជ័យលើគោលដៅ ៩៥ទី២ និងទី៣រួចហើយ ស្មើនឹង៩៨% នៅតែគោលដៅ ៩៥ទី១ ដែលនៅខ្វះ គឺបានតែ៨៩% ។ ដូច្នេះហើយ កិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីពិភាក្សាគ្នាឱ្យបងប្អូនប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចងក្រងប្រទាក់ក្រឡាគ្នា ជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា បច្ចុប្បន្ន អ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា មានប្រមាណ ៧៦០០០នាក់ ហើយអ្នកកំពុងមកទទួលសេវាព្យាបាលមានប្រមាណ ៦៨០០០នាក់ ។ ដូច្នេះ យើងនៅខ្វះអ្នកផ្ទុកប្រមាណ៨០០០នាក់ ដែលមិនទាន់ចូលក្នុងប្រព័ន្ធ និងមកធ្វើតេស្ត ។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯកជន ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការ បញ្ចប់អេដស៍ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ក្នុងនោះ ការព្យាបាលជំងឺអេដស៍ គឺធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំង មេរោគអេដស៍ចំនួន ៥លានដុល្លា ក្នុង ១ឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍ បានទទួលអត្ថប្រយោជន៍ ពីកម្មវិធីគាំពារសង្គមផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចុះទៅជួបប្រជាជនគន្លឹះ មិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុងការធ្វើការងារអេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើងត្រូវរៀនសូត្រពីសកម្មជន និងប្រជាជនគន្លឹះ ដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និងមានវិធីសាស្រ្តក្នុងការទំនាក់ទំនង ។

តំណាងអង្គការ និងប្រជាជនគន្លឹះ បានបញ្ជាក់ថា ក្រុមការងារ នឹងពង្រីកការគ្របបណ្តប់ឱ្យដល់ ១៥ខេត្ត ខណៈបច្ចុប្បន្ន កំពុងគ្របដណ្តប់ទាំង១២ និង ១៣ខេត្ត ។ ចំពោះការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ គឺបានចូលរួមក្នុងខេត្តមួយចំនួន។ ឯការទាក់ទាញអ្នកក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធនៅមានកម្រិត គឺដោយសារប្រជាជនគន្លឹះ នៅមានការខ្មាស់អៀន។

តំណាងអង្គការ និងប្រជាជនគន្លឹះ បានលើកពីបញ្ហាប្រឈម និងសំណូមពរ រួមមាន៖ ១- នារីបម្រើសេវាកម្សាន្តសប្បាយ ដែលមិនបានទទួលសេវាអប់រំ ខ្វះការយល់ដឹង មានការមាក់ងាយរើសអើងខ្លួនឯង អៀនខ្មាស់ លាក់មុខ។ ដូច្នេះ ស្នើឱ្យមានការការអប់រំ និងចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍នៅតាមសហគមន៍, ២- ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកបំប្លែងភេទចង់បានសេវាសុខភាពផ្លូវចិត្ត ការព្យាបាលជំងឺសេមាន់ដោយមិនគិតថ្លៃ, ៣- ក្រុមយុវជនវ័យក្មេង ស្នើឱ្យមានការផ្សព្វផ្សាយនៅតាមសាលារៀន តាមរោងកុន និងទបស្កាត់ការលក់ដូរសារធាតុញៀន, ៤- តំណាងអ្នកផ្ទុកមេរោគអេដស៍បានបញ្ជាក់ថា កន្លែងផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍បានផ្តល់សេវាល្អប្រសើរហើយ ។ ប៉ុន្តែស្នើឱ្យពិនិត្យការគ្របដណ្តប់ ក្នុងផ្តល់សេវាសុខាភិបាល ចំពោះអ្នកដែលមានបណ្ណ ប.ស.ស ព្រមទាំងយកចិត្តទុក ដាក់ចំពោះអ្នកផ្ទុកមេរោគ ដែលជាប់ក្នុងពន្ធនាគារផងដែរ និង៥- តំណាងអង្គការសង្គមស៊ីវិល ស្នើសុំឱ្យការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មាននូវ ការអប់រំ ការបង្ការ សេវាសុខភាព និងសេដ្ឋកិច្ច ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner