រដ្ឋមន្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់សហគមន៍ទំនើបស្រូវនាងអំ ដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
(ខេត្តសៀមរាប)៖ រដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានកោតសរសើរ និងលើកទឹកចិត្តដល់សហគមន៍ទំនើបស្រូវនាងអំ ដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចងក្រងប្រជាកសិករ ទៅជាសហគមន៍បែបទំនើប។ សហគមន៍កសិកម្មទំនើបដែលប្រមូលផ្ដុំកម្លាំង និងធនធានអនុវត្តការដាំដុះស្រូវដោយមានផែនការច្បាស់លាស់ មានការសម្របសម្រួលគាំទ្របច្ចេកទេស ទុន និងទីផ្សារ ពីសំណាក់ក្រសួង ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ។
សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ កាលពីចុងឆ្នាំ២០២៣ មានសមាជិកសរុប ៦៧នាក់។ សហគមន៍ទំនើបស្រូវនាងអំលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង ៣៥ហិកតា ជាដីរក្សាព្រៃ ។
ក្រៅពីផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងនូវទស្សនវិស័យដែលចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម ដើម្បីធ្វើយ៉ាងណាទាញយកប្រយោជន៍ឱ្យបានជាអតិបរិមាជូនដល់ប្រជាជននៅក្នុងតំបន់ ដោយមិនប៉ះពាល់ដល់ព្រៃឈើ និងបរិស្ថាន ៕






ប្រភព ៖ ក្រសួងកសិកម្ម